(ប៉េកាំង)៖ នាថ្ងៃអង្គារនេះ ចិនបានអំពាវនាវឱ្យប្រទេសច្រើនថែមទៀត ចូលរួមផ្តល់ការគាំទ្រចំពោះផែនការសន្តិភាពរបស់ខ្លួន សម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤។
លោក Li Hui បេសកជនពិសេសចិន ទទួលបន្ទុកកិច្ចការអឺរ៉ាស៉ី បានធ្វើការអំពាវនាវដូចខាងលើ អំឡុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉េកាំង បន្ទាប់ពីរូបលោក បានបំពេញទស្សនកិច្ចការទូត ទៅកាន់ប្រទេសប្រេស៉ីល អាហ្រ្វិកខាងត្បូង និងឥណ្ឌូណេស៉ី កាលពីប៉ុន្មានសប្តាហ៍មុន ក្នុងបេសកម្មជួយស្វែងរកសន្តិភាព សម្រាប់អ៊ុយក្រែន។
លោក Li បានហៅប្រទេសទាំង៣ ជាតំណាងក្រុមប្រទេស Global South និងជាកម្លាំងដ៏សំខាន់ ក្នុងការលើកស្ទួយសន្តិភាព នៅលើពិភពលោក ហើយប្រកាន់គោលជំហរស្រដៀងគ្នានឹងចិន។ លោក Li បន្តទៀតថា ប្រទេសទាំង៣ បានរក្សាការទាក់ទងជាប់ ទាំងជាមួយរុស្ស៉ីនិងទាំងជាមួយអ៊ុយក្រែន ហើយបន្តប្តេជ្ញាជួយស្វែងរកដោះស្រាយនយោបាយ សម្រាប់វិបត្តិអ៊ុយក្រែន តាមរយៈកិច្ទសន្ទនា និងការចរចា។
ក្នុងឆ្នាំនេះ ចិននិងប្រេស៉ីលបានរួមគ្នាប្រកាសផែនការសន្តិភាពមួយ ដែលអំពាវនាវឱ្យមានការរៀបចំកិច្ចប្រជុំសន្តិភាព ដែលមានការចូលរួមពីភាគីជម្លោះទាំងសងខាង គឺរុស្ស៉ីនិងអ៊ុយក្រែន។ រុស្ស៉ីនិងចិនបានអវត្តមាន ក្នុងកិច្ចប្រជុំសន្តិភាព ដែលស្វីសធ្វើជាម្ចាស់ផ្ទះកាលពីខែមិថុនា។ រុស្ស៉ីមិនត្រូវបានគេអញ្ជើញឱ្យចូលរួម ខណៈចិនបានជ្រើសរើសមិនទៅចូលរួម។
គួរបញ្ជាក់ថា ពីដំបូងឡើយអ៊ុយក្រែនបានចោទថា ចិនបានដាក់សម្ពាធប្រទេសដទៃ មិនឱ្យចូលរួមកិច្ចប្រជុំសន្តិភាពនោះ ប៉ុន្តែក្រោយមក ទីក្រុងកៀវបានទទួលស្គាល់តម្លៃនៃតួនាទីរបស់ចិន នៅក្នុងដំណើរការស្វែងរកសន្តិភាព ហើយបានបញ្ជូនរដ្ឋមន្រ្តីការបរទេស ឱ្យទៅបំពេញទស្សនកិច្ចកាលពីខែកក្កដា ដែលជាលើកដំបូងបំផុត គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២៕