(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍នាថ្ងៃអង្គារនេះថា រដ្ឋសភានៃប្រទេសវៀតណាម នឹងបោះឆ្នោតជ្រើសតាំង ប្រធានាធិបតីថ្មី នៅខែតុលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤។
តំណែងប្រធានាធិបតី ជាតួនាទីស្នូលមួយ ក្នុងរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់វៀតណាម ហៅថា សសរស្តម្ភទាំង៤ ដែលតំណែង៣ទៀត រួមមានអគ្គលេខាធិការបក្សកុម្មុយនិស្ត នាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា។ ទោះបែបនេះក្តី ក្នុងចំណោមតំណែងទាំង៤ អគ្គលេខាធិការបក្សកុម្មុយនិស្ត គឺជាតំណែងកំពូល ដែលមានអំណាចធំជាងគេបង្អស់ នៅក្នុងប្រទេសវៀតណាម។
ប្រធានាធិបតីវៀតណាមបច្ចុប្បន្ន គឺលោក To Lam ត្រូវបានតែងតាំងជា អគ្គលេខាធិការថ្មីនៃបក្សកុម្មុយនិស្តវៀតណាម កាលពីដើមខែសីហានេះ ក្រោយមរណភាពរបស់លោក Nguyen Phu Trong។ លោក Trong ធ្លាប់កាន់តំណែងទាំង២ ក្នុងពេលព្រមគ្នាដែរ គឺកាលពីចន្លោះខែតុលា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០២១។
គួរបញ្ជាក់ថា យ៉ាងណាមិញ គិតចាប់តាំងពីឆ្នាំ២០២១មក ចំពោះមុខយុទ្ធនាការបោសសំអាតអំពើពុករលួយយ៉ាងក្តៅគគុក ក្រោមការដឹកនាំរបស់លោក Trong ថ្នាក់ដឹកនាំកំពូល និងមន្រ្តីជាន់ខ្ពស់វៀតណាមជាច្រើន បានរបូតពីតំណែងជាបន្តបន្ទាប់ រួមមានទាំងប្រធានាធិបតី២រូប គឺលោក Nguyen Xuan Phuc និងលោក Vo Van Thuong៕