(គូឡាឡាំពួ)៖ មេធាវីរបស់អតីតនាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៉ី លោក Muhyiddin Yassin បានឱ្យដឹងនាថ្ងៃអង្គារនេះថា លោក Muhyiddin ត្រូវបានចោទប្រកាន់ពី បទមានចេតនាបង្កការញុះញង់ប្រឆាំងរដ្ឋអំណាច ជុំវិញពាក្យសម្តីដែលត្រូវបានចាត់ទុកថា ប្រមាថលើអតីតព្រះមហាក្សត្រម៉ាឡេស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤។
លោក Muhyiddin ដែលធ្លាប់ដឹកនាំប្រទេសអាស៊ានមួយនេះ រយៈពេល១៧ខែ កាលពីចន្លោះឆ្នាំ២០២០-២០២១ ត្រូវបានចោទប្រកាន់ នៅឯតុលាការក្នុងរដ្ឋ Kelantan ភាគឦសាន ក្រោមបទល្មើសដូចខាងលើ ជុំវិញពាក្យសម្តី អំឡុងការថ្លែងសារនយោបាយមួយ ក្នុងខែសីហានេះ។
អំឡុងការថ្លែងសារនោះ កាលពីថ្ងៃទី១៥ ខែសីហា លោក Muhyiddin បានចោទសួរលើភាពអាចគួរឱ្យជឿជាក់បាន របស់អតីតព្រះមហាក្សត្រម៉ាឡេស៉ី គឺព្រះចៅស៊ូលតង់ Al-Sultan Abdullah Ahmad Shah ក្រោយការបោះឆ្នោតសកល ឆ្នាំ២០២២ ដែលលទ្ធផលចេញមក ពុំមានគណបក្សណាមួយ គ្រប់គ្រងសំឡេងភាគច្រើន នៅក្នុងសភា។
លោក Muhyiddin បាននិយាយថា កាលនោះ គឺក្រោយការបោះឆ្នោត រូបលោកជាអ្នកធានាបានការគាំទ្រគ្រប់គ្រាន់ ពីក្រុមសមាជិកសភា ដើម្បីបង្កើតរដ្ឋាភិបាល ប៉ុន្តែហេតុអ្វីបានជា ព្រះចៅស៊ូលតង់ Al-Sultan Abdullah មិនត្រាស់បង្គាប់ឱ្យលោក ស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តី។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ព្រះមហាក្សត្រម៉ាឡេស៉ីអង្គនោះ បានសម្រេចព្រះទ័យតែងតាំង លោក Anwar Ibrahim ជានាយករដ្ឋមន្រ្តី។ ព្រះចៅស៊ូលតង់ Al-Sultan Abdullah បានផុតអាណត្តិជាព្រះមហាក្សត្រ កាលពីខែមករា ដើមឆ្នាំនេះ។
គួរបញ្ជាក់ថា បើតាមមេធាវី លោក Muhyiddin ប្រឈមមុខការជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ ប្រសិនបើរកឃើញថា ពិតជាមានកំហុស។ កន្លងមក រូបលោកក៏បានរងការចោទប្រកាន់ ពាក់ព័ន្ធអំពើពុករលួយ និងការលាងលុយកខ្វក់ផងដែរ ក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត ដែលត្រូវបានធ្វើឡើងប្រឆាំងនឹងលោក កាលពីឆ្នាំមុន។ លោក Muhyiddin បានអះអាងថា សំណុំរឿងនោះមានចេតនានយោបាយ ខណៈរដ្ឋាភិបាលលោក Anwar បានប្រកែកថា ខ្លួនមិនមែនកំពុងធ្វើទុក្ខបុកម្នេញ គូប្រជែងនយោបាយឡើយ៕