(ហ៊្សេរុយសាឡិម)៖ ក្រុមមន្រ្តីអ៉ីស្រាអែល និងប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននាំគ្នាបញ្ចេញមតិដោយប្រតិកម្ម ជុំវិញការវាយប្រហារដោយមីស៉ីលពីចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ Hezbollah ថាហាក់ដូចជាមានសភាពខ្លាំងក្លាជាង ការវាយប្រហាររបស់អ៉ីស្រាអែលមុនៗ នៅភាគខាងត្បូងលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ ២០២៤។
អ្នកនាំពាក្យរដ្ឋាភិបាលអ៉ីស្រាអែល លោក David Mencer និយាយថា ក្រុម Hezbollah ធ្លាប់រងការវាយលុកធ្ងន់ធ្ងរ ដោយការវាយប្រហាររបស់អ៉ីស្រាអែល ប៉ុន្តែដំណោះស្រាយយូរអង្វែងនៅតែត្រូវការ។ ដោយសំដៅទៅលើការរត់ភៀសខ្លួន នៃមនុស្សរាប់ពាន់នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ នៅឯភាគខាងជើងប្រទេស លោកបានប្រាប់សន្និសីទសារព័ត៌មានថា «ស្ថានភាពឥឡូវនេះគឺមិនមានស្ថិរភាពទេ។ អ៉ីស្រាអែលនឹងបំពេញកាតព្វកិច្ច ហើយធ្វើឱ្យប្រជាជនអាចត្រលប់មករស់នៅលើទឹកដីរបស់ខ្លួនវិញ»។
ដោយឡែក លោក Avi Issacharoff ដែលជាអ្នកនិយាយតំណាងឱ្យកាសែត Yedioth Ahronoth របស់អ៉ីស្រាអែល បានលើកឡើងថា «ប្រហែលជាមានតែជោគជ័យរបស់អ៉ីស្រាអែល ក្នុងការរារាំងចំពោះការសងសឹករបស់ក្រុម Hezbollah ទេ ដែលអាចត្រួសត្រាយផ្លូវឱ្យក្រុមហាម៉ាស ផ្តល់សម្បទានលើការចរចាកិច្ចព្រមព្រៀង ដើម្បីដោះលែងចំណាប់ខ្មាំង ហើយធ្វើឱ្យការទប់ស្កាត់សង្រ្គាមរាលដាលក្នុងតំបន់ ត្រូវបរាជ័យ»។
គួរបញ្ជាក់ថា ទាំងក្រុម Hezbollah និងអ៉ីស្រាអែល ហាក់ដូចជាចាត់ទុកការវាយប្រហារដោយមីស៉ីល កាលពីថ្ងៃអាទិត្យ ជាការសងសឹកចំពោះការសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ Hezbollah ក្នុងទីក្រុងបេរូត កាលពីខែមុន ថាបានទូទាត់គ្នារួចរាល់ហើយនៅពេលនេះ។ ប៉ុន្តែការបាញ់ផ្លោងដាក់គ្នា នៅតែបន្តមកទល់នឹងថ្ងៃចន្ទសប្តាហ៍នេះ ដោយមិនមានភាគីម្ខាងណាអះអាងនោះទេ៕