(វ៉ាស៉ីនតោន)៖ មកទល់នឹងថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅអាមេរិក) ក្រុមសង្រ្គោះបន្ទាន់នៅក្នុងទីក្រុងទេសចរណ៍ Ketchikan របស់រដ្ឋ Alaska សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងគ្រោះរអិលបាក់ដីថែមទៀត បន្ទាប់ពីបំណាក់ដីដ៏ធំមួយ និងភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ របួស៣នាក់ បង្កការខូចខាតធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ ២០២៤។
មជ្ឈមណ្ឌលប្រតិបត្តិការសង្រ្គោះបន្ទាន់ Cynna Gubatayao បានឱ្យដឹងថា ផ្ទះ ៤ ឬ៥ខ្នងរងការខូចខាតធ្ងន់ធ្ងរ ឬត្រូវបំផ្លាញទាំងស្រុង រីឯមួយចំនួនទៀតកំពុងដាក់ក្រោមការជម្លៀសជាចាំបាច់ ហើយគ្មានអគ្គិសនីប្រើប្រាស់។ អាជ្ញាធរក្នុងតំបន់បញ្ជាក់ថា មានមនុស្សម្នាក់ស្លាប់ និង ៣នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ប៉ុន្តែនៅមិនទាន់មានរបាយការណ៍សរុប អំពីការខូចខាតនៅឡើយទេ។ ស្ថានភាពនៅតំបន់ជុំវិញមិនទាន់ប្រាកដប្រជាទេ ដោយការរអិលបាក់ដីបន្ទាប់បន្សំនៅអាចកើតមាន នៅភាគខាងត្បូងនៃទីតាំងកើតហេតុដំបូង ហើយក្រុមឆ្លើយតបបន្ទាន់កំពុងប្រចាំការនៅក្បែរៗនោះ។
គួរបញ្ជាក់ថា Ketchikan ជាក្រុងមួយដែលមានប្រជាជនរស់នៅច្រើនទី ៦ របស់រដ្ឋ Alaska គឺចំនួន ៨,០០០នាក់ ស្ថិតនៅចុងភាគខាងត្បូងនៃឆ្នេរសមុទ្រ ដែលគេស្គាល់ថាជាច្រកខាងក្នុងតភ្ជាប់ពីឈូងសមុទ្រនៃរដ្ឋ Alaska ទៅកាន់ឆ្នេរសមុទ្រ Puget Sound ក្នុងរដ្ឋវ៉ាស៊ីនតោន។ ទីក្រុងនេះហ៊ុំព័ទ្ធទៅដោយព្រៃ Tongass ដែលជាព្រៃត្រូពិចនៅសេសសល់ចុងក្រោយបង្អស់របស់ពិភពលោក។ វាក៏ជាគោលដៅទេសចរណ៍ និងការនេសាទពាណិជ្ជកម្មដ៏សំខាន់មួយផងដែរ៕