(តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន នៅថ្ងៃអង្គារ ទី២៧ ខែសីហានេះ បាននិយាយថាការទន្ទ្រានរបស់យន្ដហោះយោធាចិនមួយគ្រឿង ចូលក្នុងដែនអាកាសជប៉ុន គឺជា ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ មួយថ្ងៃបន្ទាប់ពីកើតមានឧបទ្ទវហេតុនៅតំបន់សមុទ្រចិនខាងកើត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshimasa Hayashi បានគូសបញ្ជាក់ដូច្នេះថា «ការបំពានចូលដែនអាកាសរបស់យើងដោយយន្ដហោះ យោធាចិន គឺមិនត្រឹមតែជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏គំរាមកំហែងដល់សន្តិសុខរបស់យើង និងជារឿងមិនអាចទទួលយកបាន ដាច់ខាតផងដែរ»។
ជប៉ុនកាលពីថ្ងៃចន្ទម្សិលមិញ បាននិយាយថាខ្លួនបានបញ្ជូនយន្ដហោះចម្បាំងទៅបណ្ដេញយន្ដហោះស៊ើបការណ៍ Y-9 មួយគ្រឿងរបស់ចិន ដែលបានហោះចូលក្នុងដែនអាកាសជប៉ុន រយៈពេល ២នាទី នៅឯកោះ Danjo នៃខេត្ត Nagasaki។ តាមលោក Hayashi នេះជាលើកដំបូងបំផុតដែលយន្ដហោះយោធាចិន ហោះបំពានចូលដែនអាកាសរបស់ជប៉ុន ចាប់តាំងពី ទីក្រុងតូក្យូ ចាប់ផ្ដើមដាក់ចេញវិធានការទប់ស្កាត់ការបំពានចូលដែនអាកាសរបស់ខ្លួនមក។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK ក្រៅពីយន្ដហោះយោធា យន្ដហោះមួយគ្រឿងរបស់រដ្ឋបាលចិនទទួលបន្ទុកកិច្ចការមហាសមុទ្រ ក៏ធ្លាប់បានហោះចូលដែនអាកាស ជប៉ុនផងដែរកាលពីឆ្នាំ២០១២ និងដ្រូនមួយគ្រឿងរបស់ឆ្មាំសមុទ្រចិន បានហោះបំពានចូលដែនអាកាសជប៉ុនកាលពីឆ្នាំ២០១៧៕