(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីថ្ងៃចន្ទ ទី២៦ ខែសីហា បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកទៅកាន់អ៊ុយក្រែនកាលពីពេលថ្មីៗនេះ ស្របពេលសេតវិមានបង្ហាញក្ដីសង្ឃឹមថាលោក ម៉ូឌី នឹងទទួលយកទស្សនៈយល់ឃើញ របស់ទីក្រុង ចំពោះការបិទបញ្ចប់ការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ម៉ូឌី ដែលធ្លាប់ធ្វើឱ្យអ៊ុយក្រែនក្ដៅស្លឹកត្រចៀក ជុំវិញការឱបគ្នាយ៉ាងសិទ្ធស្នាលជាមួយលោក ពូទីន អំឡុងទស្សនកិច្ចក្នុងទីក្រុងមូស្គូ កាលពីខែកក្កដាកន្លងទៅ បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃសុក្រសប្ដាហ៍មុន និងបានប្រាប់លោកប្រធានាធិបតី ហ្សេលេនស្គីថា «គ្មានបញ្ហាណាមួយគួរតែត្រូវបានដោះស្រាយនៅលើ សមរភូមិនោះទេ»។
តាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសឥណ្ឌា ថ្លែងទៅកាន់លោក បៃដិន តាមទូរស័ព្ទ លោក ម៉ូឌី បានបញ្ជាក់ឡើងវិញពីគោលជំហររបស់ឥណ្ឌា គាំទ្រឱ្យមាន កិច្ចសន្ទនា និងដំណោះស្រាយការទូត ហើយបង្ហាញការគំាទ្រផងដែរចំពោះការវិលត្រឡប់ទៅរកសន្តិភាព និងស្ថិរភាពឡើងវិញ។ ដោយឡែក នៅពេលត្រូវបានសាកសួរពី ចម្លើយតបរបស់លោក បៃដិន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោក John Kirby បាននិយាយថាសហរដ្ឋអាមេរិក គាំទ្រឱ្យគ្រប់ប្រទេសទាំងអស់ទទួលយក ទស្សនៈយល់ឃើញរបស់លោក ហ្សេលេនស្គី ចំពោះការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
សេតវិមាន ក៏បានបញ្ជាក់ដែរថាទាំងលោក បៃដិន និងលោក ម៉ូឌី សុទ្ធតែបានអះអាងឡើងវិញពីការគាំទ្រដល់ដំណោះស្រាយសន្តិវិធីដើម្បីបញ្ចប់ជម្លោះ អនុលោមតាមច្បាប់ អន្តរជាតិ និងផ្អែកលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានអំពាវនាវឱ្យរុស្ស៉ីប្រគល់មកវិញនូវទឹកដីអ៊ុយក្រែនទាំងអស់ដែលកងទ័ពរុស្ស៉ីបានដណ្ដើមគ្រប់គ្រង ក្រោយការឈ្លានពានកាលពី ឆ្នាំ២០២២មក។ ប៉ុន្តែ ឥណ្ឌា មិនបានបង្ហាញការគាំទ្រជំហររបស់លោក ហ្សេលេនស្គី ត្រង់ៗនោះទេ ហើយបើទោះជាមានទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក៏ដោយ ក៏ឥណ្ឌានៅតែបដិសេធថ្កោលទោសរុស្ស៉ី និងថែមទាំងបន្តបង្កើនការទិញប្រេង និងឧស្ម័នពីរុស្ស៉ី៕