(ឡុងដ៍)៖ អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃទី១៤ ខែសីហា បានប្រកាសចាត់ទុកជំងឺ Mpox ឬអុតស្វា ជាភាពអាសន្នសុខាភិបាលសាធារណៈសកលជាលើកទី២ ក្នុងរយៈពេល ២ឆ្នាំ បន្ទាប់ពីជំងឺនេះបានផ្ទុះឡើងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបានរាលដាលទៅកាន់ប្រទេសជិតខាង។ បច្ចុប្បន្ន ប្រទេសមួយចំនួននៅអឺរ៉ុបដូចជាស៊ុយអែត និងមួយចំនួន នៅអាស៊ីដូចជាហ្វីលីពីន និងថៃជាដើមសុទ្ធតែបានប្រកាសពីការរកឃើញករណីឆ្លងជំងឺ Mpox។
ជាមួយការប្រកាសជាភាពអាសន្នសុខាភិបាលសាធារណៈសកល តើជំងឺ Mpox ឬអុតស្វា អាចនឹងក្លាយជាជំងឺឆ្លងរាតត្បាតសកលមួយថ្មីទៀតដែរឬទេ? បើតាមក្រុមអ្នកជំនាញសុខាភិបាល ជំងឺ Mpox ឬអុតស្វា ទំនងជានឹងមិនក្លាយទៅជាជំងឺឆ្លងរាតត្បាតសកលនោះទេ។ ជាទូទៅ ជំងឺឆ្លងរាតត្បាតសកល ក្នុងនោះថ្មីបំផុតដូចជាផ្ដាសាយបក្សី និងកូវីដ១៩ គឺជាប្រភេទជំងឺឆ្លងតាម ខ្យល់ដកដង្ហើម ជាពិសេសឆ្លងពីមនុស្សដែលមិនបញ្ចេញរោគសញ្ញា។ ចំណែក Mpox វិញ គឺជាប្រភេទជំងឺឆ្លងតាមរយៈការប៉ះពាល់ស្បែក និងស្បែក ជាមួយអ្នកមានផ្ទុកជំងឺ ឬក៏ការស្លៀក សម្លៀកបំពាក់ ឬគេងលើពូករបស់អ្នកដែលកើតជំងឺ។ លើសពីនេះទៅទៀត Mpox មានរោគសញ្ញាចេញពងបែកនៅលើស្បែក ដែលនេះអាចឱ្យអ្នកដទៃមើលឃើញ និងមានការប្រុងប្រយ័ត្ន ដោយមិនហ៊ានប៉ះពាល់អ្នកដទៃដោយផ្ទាល់ឡើយ។
ដើម្បីសុវត្ថិភាព ក្រុមអ្នកជំនាញបានផ្ដល់យោបល់ចៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬមានរោគសញ្ញានៃ mpox និងកុំស្លៀកសម្លៀកបំពាក់ ឬគេងលើពូករបស់អ្នកជំងឺជាដើម ហើយត្រូវប្រកាន់ខ្ជាប់អានាម័យលាងដៃឱ្យបានស្អាតជាប្រចាំ។
* តើ Mpox ខុសពីកូវីដ១៩ ដូចម្ដេចខ្លះ?
Mpox មានសមត្ថភាពចម្លងជំងឺខ្សោយជាងអំបូរវីរុសកូរ៉ូណា តួយ៉ាងដូចជាកូវីដ១៩។ ភ្លាមៗក្រោយកូវីដ១៩ ផ្ទុះឡើងក្នុងប្រទេសចិន ចំនួនអ្នកឆ្លងបានកើនឡើងយ៉ាងគំហុកពី១០០នាក់ ឡើង ដល់រាប់ពាន់នាក់ ត្រឹមពេលមួយសប្ដាហ៍ប៉ុណ្ណោះកាលពីខែមករា ឆ្នាំ២០២០។ ក្រោយមក ករណីឆ្លងបន្តកើនឡើងច្រើនជាង១០ដងឯណោះ។ កាលពីខែមីនា ឆ្នាំ២០២០ នៅពេលដែល WHO ប្រកាសចាត់ទុកកូវីដ១៩ ជាជំងឺឆ្លងរាតត្បាតសកល គឺមានមនុស្សច្រើនជាង ១២៦ ០០០នាក់បានឆ្លងកូវីដ១៩ ក្នុងនោះមាន ៤៦០០នាក់បានស្លាប់។ ពោលគឺតែជាង៣ខែប៉ុណ្ណោះ ក្រោយកូវីដ១៩ ត្រូវបានបញ្ជាក់អត្តសញ្ញាណដំបូង។
ផ្ទុយពីកូវីដ១៩ ចាប់តាំងពីឆ្នាំ២០២២មក ករណីឆ្លងជំងឺ Mpox ឬអុតស្វា មានជិត ១០០ ០០០នាក់នៅទូទាំងពិភពលោក ក្នុងនោះមាន ២០០នាក់បានស្លាប់។ ម្យ៉ាងវិញទៀត វ៉ាក់សាំង និងវិធីព្យាបាលជំងឺ Mpox គឺមានរួចជាស្រេចទៅហើយ ខុសពីកូវីដ១៩ ដែលត្រូវគេត្រូវការពេលដើម្បីផលិតវ៉ាក់សាំង។ «យើងមានអ្វីៗដែលយើងត្រូវការដើម្បីទប់ស្កាត់ Mpox»។ នេះជា ការលើកឡើងរបស់លោក Chris Beyrer ជានាយកវិទ្យាស្ថានសុខាភិបាលសកលនៃសាកលវិទ្យាល័យ Duke University។ លោកបន្ថែមថា «វាមិនមែនជាស្ថានការណ៍ដែលយើងបានប្រឈម ដូចអំឡុងការឆ្លងរាតត្បាតរបស់កូវីដនោះទេ ដែលជាពេលគ្មានវ៉ាក់សាំង និងថ្នាំប្រឆាំងវីរុស»។
តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញនៅតែអំពាវនាវឱ្យបណ្ដាប្រទេសទាំងអស់មានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈចាត់វិធានការទប់ស្កាត់ឱ្យទាន់ពេលវេលា។ កាលពីឆ្នាំ២០២២ មានប្រទេសច្រើនជាង ៧០ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ Mpox៕