(អ៊ីស្លាម៉ាបាត)៖ មនុស្សជាង ៦០នាក់ត្រូវបានសម្លាប់នៅក្នុងខេត្ត Balochistan ភាគនិរតីប្រទេសប៉ាគីស្ថាន នៅពេលដែលក្រុមបំបែកខ្លួនបានវាយប្រហារលើស្ថានីយ៍ប៉ូលីស ផ្លូវដែក និងផ្លូវហាយវេ ដែលជំរុញឱ្យកងកម្លាំងសន្តិសុខឆ្លើយតបតវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
ការវាយប្រហារនេះ គឺជាការវាយប្រហារដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលធ្វើឡើងដោយក្រុមបំបែកខ្លួន ដែលបានតស៊ូអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដើម្បីទាមទារឱ្យមានការផ្តាច់ខ្លួននៃខេត្តភាគនិរតីដែលសម្បូរទៅដោយធនធាននេះ។ ខេត្តនេះគឺជាទីតាំងនៃគម្រោងធំៗដែលដឹកនាំដោយចិន ដូចជាកំពង់ផែយុទ្ធសាស្ត្រ និងអណ្តូងរ៉ែមាស និងទង់ដែង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Mohsin Naqvi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការវាយប្រហារទាំងនេះ គឺជាផែនការដែលបានគិតគូរយ៉ាងល្អ ដើម្បីបង្កភាពវឹកវរនៅក្នុងប្រទេសប៉ាគីស្ថាន»។ លោកបានបន្ថែមថា កងកម្លាំងសន្តិសុខបានសម្លាប់សកម្មជន ១២នាក់ នៅក្នុងប្រតិបត្តិការ បន្ទាប់ពីការវាយប្រហារនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទសប្តាហ៍នេះ។
យោធាប៉ាគីស្ថាន បាននិយាយថា ទាហាន និងប៉ូលិស ១៤នាក់ និងសកម្មជន ២១នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា បន្ទាប់ពីការវាយប្រហារដ៏ធំបំផុត ដែលកើតឡើងលើរថយន្តក្រុង និងរថយន្តដឹកទំនិញនៅលើផ្លូវហាយវេសំខាន់មួយ។
មិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេថា តើតួលេខនោះរួមបញ្ចូលទាំងសកម្មជន ១២នាក់ដែលក្រសួងមហាផ្ទៃបានបញ្ជាក់ថា បានស្លាប់ដែរឬទេ។
គួរបញ្ជាក់ថា ក្នុងចំណោមការវាយប្រហារ ការវាយប្រហារលើផ្លូវហាយវេបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ ដោយជនប្រដាប់អាវុធបានត្រួតពិនិត្យអត្តសញ្ញាណអ្នកដំណើរ មុនពេលបាញ់សម្លាប់ និងដុតបំផ្លាញយានយន្ត។ ចរាចរណ៍ផ្លូវដែកជាមួយទីក្រុង Quetta ត្រូវបានផ្អាក បន្ទាប់ពីការផ្ទុះបំផ្លាញស្ពានផ្លូវដែក ដែលជាផ្លូវតភ្ជាប់រដ្ឋធានីខេត្តទៅនឹងតំបន់ផ្សេងទៀតនៃប្រទេសប៉ាគីស្ថាន។ សកម្មជនក៏បានវាយប្រហារផ្លូវរថភ្លើងមួយខ្សែទៅកាន់ប្រទេសជិតខាងអ៊ីរ៉ង់ផងដែរ។
ក្រុមសកម្មប្រយុទ្ធ Baloch Liberation Army (BLA) បានទទួលខុសត្រូវចំពោះប្រតិបត្តិការដែលពួកគេហៅថា Haruf ឬ ព្យុះខ្យល់ខ្មៅ។ ពួកគេអះអាងថាមានការវាយប្រហារជាច្រើនទៀតក្នុងរយៈពេលមួយថ្ងៃចុងក្រោយនេះ ដែលមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរ។
នាយករដ្ឋមន្ត្រី លោក Shehbaz Sharif បានប្តេជ្ញាថា កងកម្លាំងសន្តិសុខនឹងសងសឹក និងនាំអ្នកទទួលខុសត្រូវមកកាត់ទោស។ សហភាពអឺរ៉ុបក៏បានថ្កោលទោសការវាយប្រហារនេះ ដោយបន្ថែមថាអំពើហិង្សា «គំរាមកំហែងដល់មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ»៕