(ម៉ូស្គូ)៖ មនុស្ស ៧ នាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយម្នាក់ក្នុងចំណោមនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីមានអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេង Omsk របស់ប្រទេសរុស្ស៊ី នេះបើយោងតាមអភិបាលក្រុងនៅថ្ងៃចន្ទនេះ ទោះបីជារោងចក្របាននិយាយថា វាកំពុងដំណើរការធម្មតា ហើយផែនការផលិតនឹងមិនរងផលប៉ះពាល់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
រោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់រុស្ស៊ីនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេង Omsk ត្រូវបានគ្រប់គ្រង។ ប្រព័ន្ធសុវត្ថិភាពស្វ័យប្រវត្តិរបស់រោងចក្របានរកឃើញភ្លើងឆេះនៅក្នុងឧបករណ៍បច្ចេកវិជ្ជា... ក្រុមហ៊ុនកំពុងដំណើរការដូចធម្មតា»។
លោក Vitaly Khotsenko អភិបាលក្រុង បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា មនុស្ស ៧ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយម្នាក់ក្នុងចំណោមពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
រោងចក្រនេះ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Gazprom Neft បាននិយាយថា អគ្គិភ័យនេះនឹងមិនប៉ះពាល់ដល់ផែនការផលិតរបស់ខ្លួនទេ ដែលវាអាចនឹងបំពេញការផលិតបានដោយសារសមត្ថភាពផលិតបន្ថែម។
របាយការណ៍មួយចំនួននៅលើបណ្តាញសង្គមបានអះអាងថា មានសម្លេងផ្ទុះដ៏ខ្លាំងមួយ ដែលអាចស្តាប់ឮពីចម្ងាយ នៅតាមស្រុកជាច្រើននៃទីក្រុងស៊ីបេរីខាងលិច ដែលស្ថិតនៅចម្ងាយប្រមាណ ២,៧០០ គីឡូម៉ែត្រ ភាគខាងកើតទីក្រុងមូស្គូ។
មូលហេតុនៃអគ្គិភ័យនេះមិនទាន់ដឹងច្បាស់នៅឡើយទេ។ រោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីជាច្រើនត្រូវបានក្លាយជាគោលដៅវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។
គួរបញ្ជាក់ថា រោងចក្រចម្រាញ់ប្រេង Omsk បានចម្រាញ់ប្រេងឆៅជាង ២១ លានតោន (៤២០,០០០បារ៉ែលក្នុងមួយថ្ងៃ) ក្នុងឆ្នាំ ២០២២៕