(តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានប្រាប់សមភាគីអ៉ីតាលី លោក Antonio Tajani ថាទីក្រុងតេហេរ៉ង់ មិនបានស្វែងរកការបង្កើនភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ានោះទេ ប៉ុន្តែការឆ្លើយតបចំពោះ ការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស នៅលើទឹកដីអ៉ីរ៉ង់ នឹងត្រូវតែធ្វើឡើងដោយគិតគូរច្បាស់លាស់។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសាព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ ២០២៤។
ក្រសួងការបរទេសអ៉ីរ៉ង់ចេញសេចក្តីថ្លែងការណ៍មួយថា «លោករដ្ឋមន្រ្តី Araqchi បានប្រាប់សមភាគីអ៉ីតាលី ក្នុងជំនួបតាមទូរស័ព្ទថា អ៉ីរ៉ង់មិនបានស្វែងរកការបង្កើនភាពតានតឹងឡើយ ទោះបីជាខ្លួនមិនខ្លាចក៏ដោយ»។ យ៉ាងនេះក្តី លោក Araqchi «ការឆ្លើយតបរបស់អ៉ីរ៉ង់នឹងធ្វើឡើង ដោយមានការកំណត់ និងគណនាច្បាស់លាស់»។
គួរបញ្ជាក់ថា អ៉ីរ៉ង់ បានស្តីបន្ទោសអ៉ីស្រាអែល ជុំវិញការសម្លាប់ លោក Ismail Haniyeh ដែលជាមេដឹកនាំនយោបាយហាម៉ាស កាលពីថ្ងៃទី៣១ ខែកក្កដា។ មកទល់នឹងពេលនេះ អ៉ីស្រាអែលមិនបានបដិសេធ ឬទទួលស្គាល់ការស្លាប់នេះនោះទេ៕