(ប៉ារីស)៖ នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ ២០២៤នេះ បណ្តាញផ្សព្វផ្សាយ និងអង្គការប្រមាណ ៦០ បានស្នើដល់សហភាពអឺរ៉ុប (EU) ផ្អាកកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអ៉ីស្រាអែល រួចដាក់ទណ្ឌកម្មផងដែរ ដោយចោទប្រកាន់អ៉ីស្រាអែល ជុំវិញការស្លាប់អ្នកកាសែតក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការអំពាវនាវនេះធ្វើឡើងមុនពេលកិច្ចប្រជុំកំពូលនៃរដ្ឋមន្រ្តីការបរទេស EU នៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក នៅថ្ងៃទី២៩ ខែសីហា។ ក្នុងសេចក្តីប្រកាសរួមគ្នា អង្គការ Reporters Without Borders និងបណ្តាស្ថាប័នចំនួន ៥៩ទៀត កំពុងស្នើឱ្យ EU ផ្អាកកិច្ចព្រមព្រៀងទ្វេភាគីជាមួយអ៉ីស្រាអែល ហើយកំណត់គោលដៅដាក់ទណ្ឌកម្មលើអ្នកទទួលខុសត្រូវ។

តាមខ្លឹមសារនៃសេចក្តីប្រកាសរួមនោះ «ក្នុងរយៈពេលដែលមានការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន និងការវាយលុកសងសឹកដ៏សាហាវរបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា បណ្តាលឱ្យអ្នកកាសែតស្លាប់ច្រើនបំផុត មិនធ្លាប់មានក្នុងរយៈពេលច្រើនទសវត្សរ៍។ អ្នកកាសែតប៉ាឡេស្ទីនជាង ១៣០នាក់ និងអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានសម្លាប់ដោយកងកម្លាំងប្រដាប់អាវុធអ៉ីស្រាអែល។ ៣០នាក់ក្នុងចំណោមពួកគេ បានស្លាប់ក្នុងពេលកំពុងបំពេញការងារ រួមទាំងអ្នកកាសែតលីបង់ ៣នាក់ និងអ្នកកាសែតអ៉ីស្រាអែលម្នាក់ផងដែរ»

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរវាង EU ជាមួយប្រទេសមិនមែនសមាជិក គឺជាសន្ធិសញ្ញាមួយសម្រាប់ទំនាក់ទំនងទ្វេភាគី រួមទាំងពាណិជ្ជកម្មផងដែរ៕