(កៀវ)៖ សំលេងផ្ទុះបានលាន់ឮនៅកណ្តាលរដ្ឋធានីកៀវ របស់អ៊ុយក្រែន នៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ខណៈដែលយោធា ព្រមានថាមានការវាយប្រហារដ៏ធំមួយរបស់រុស្ស៉ី ដោយមីស៉ីលនិងយន្តហោះដ្រូន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ ២០២៤។
កងទ័ពអាកាសអ៊ុយក្រែន ណែនាំដល់ពលរដ្ឋថា រុស្ស៉ីហោះហើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត TU-95 ចំនួន ១១គ្រឿង នៅលើអាកាស និងបានបាញ់មីស៉ីលមួយចំនួន ឆ្ពោះមករដ្ឋធានីកៀវ។ ក្រុមអ្នកកាសែតរបស់ Reuters ក៏បានឮសូរសំលេងប្រព័ន្ធការពារដែនអាកាសស្ទាក់ចាប់មីស៉ីលផងដែរ។ អាជ្ញាធរក្នុងតំបន់ បានរាយការណ៍អំពីការផ្ទុះនៅក្នុងទីក្រុង Lutsk ភាគពាយ័ព្យអ៊ុយក្រែន ហើយថាអគារអាផាតមិនមួយកន្លែងបានរងការខូចខាត ខណៈដែលពួកគេកំពុងពិនិត្យករណីស្លាប់ ឬរបួស។ យោធាអ៊ុយក្រែននិយាយថា រុស្ស៉ីបានបើកការវាយប្រហារដោយដ្រូនចំនួនពីរលើក នៅព្រឹកថ្ងៃចន្ទ ដោយព័ត៌មានដំបូង មិនមានការខូចខាត ឬអ្នកស្លាប់ទេ។ តាមលោក Serhiy Popko ប្រធានរដ្ឋបាលយោធាក្រុងកៀវ ដ្រូន ១០គ្រឿងត្រូវបានបំផ្លាញ នៅពេលចូលក្បែរតំបន់ជុំវិញទីក្រុងកៀវ។
គួរបញ្ជាក់ថា អ៊ុយក្រែនខ្លួនឯង បានបង្កើនការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយ ទៅលើទឹកដីរុស្ស៉ី ដើម្បីព្យាយាមវាយបកនឹងសង្រ្គាមឈ្លានពាន ចាប់តាំងខែកុម្ភៈ ឆ្នាំ ២០២២៕