(សេអ៊ូល)៖ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍នាថ្ងៃចន្ទនេះថា ប្រព័ន្ធបាញ់មីស៉ីលបាលិស្ទីគ ដែលកូរ៉េខាងជើងបាននិយាយថា គ្រោងនឹងដាក់ពង្រាយ នៅតំបន់ព្រំប្រទល់អន្តរកូរ៉េ គឺទំនងជាមានសមត្ថភាពវាយប្រហារ បានចម្ងាយ១១០គីឡូម៉ែត្រ ដែលប្រការនេះ អនុញ្ញាតឱ្យពួកវាបាញ់ដល់ខេត្ត Chungcheong ដែលស្ថិតនៅភាគខាងត្បូង រដ្ឋធានីសេអ៊ូលឯណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤។
កាលពីពេលកន្លងទៅក្នុងខែសីហានេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានរាយការណ៍ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមពិធីប្រគល់ ប្រព័ន្ធបាញ់មីស៉ីលបាលិស្ទីគតាក់ទិកស៊េរីថ្មី ចំនួន២៥០គ្រឿង ដែលនឹងត្រូវបញ្ជូនទៅកាន់ព្រំដែន។ ក្រុមអ្នកជំនាញធ្លាប់និយាយថា ទីក្រុងព្យុងយ៉ាងអាចនឹងប្រើប្រាស់ពួកវា ដើម្បីវាយប្រហារ ឬក៏គំរាមកំហែងទីក្រុងសេអ៊ូល។
យ៉ាងណាមិញ បើតាម Yonhap ដែលផ្អែកលើប្រភពពីសមាជិកសភាកូរ៉េខាងត្បូង នៃគណៈកម្មាធិការស៉ើបការណ៍សម្ងាត់ ខាងក្រុមមន្រ្តីចារកម្មកូរ៉េខាងត្បូង មានមន្ទិលសង្ស័យ ចំពោះសមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការផ្គត់ផ្គង់មីស៉ីលឱ្យប្រព័ន្ធបាញ់មីស៉ីលទាំង២៥០គ្រឿងនោះ ដ្បិតទន្ទឹមគ្នា ខ្លួនត្រូវផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី ក្រោមកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។ ប្រព័ន្ធបាញ់មីស៉ីលបាលិស្ទីគខាងលើរបស់កូរ៉េខាងជើង អាចផ្ទុកមីស៉ីលម្តងបាន៤គ្រាប់។
គួរបញ្ជាក់ថា កូរ៉េខាងជើងនិងរុស្ស៉ី ត្រូវទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៉ីនតោនចោទប្រកាន់ថា បានលួចធ្វើការជួញដូរសព្វាវុធជាមួយគ្នា ដើម្បីជួយរុស្ស៉ីស្តារចំនួនមីស៉ីល និងគ្រាប់ផ្លោង សម្រាប់សង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ប៉ុន្តែទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បានច្រានចោលការចោទប្រកាន់នេះ៕