(ហាណូយ)៖ រដ្ឋសភានៃប្រទេសវៀតណាម នាថ្ងៃចន្ទនេះ នឹងធ្វើការបោះឆ្នោត ដើម្បីតែងតាំងឧបនាយករដ្ឋមន្រ្តីថ្មីចំនួន៣នាក់ ក៏ដូចជាដើម្បីដកឧបនាយករដ្ឋមន្រ្តីបច្ចុប្បន្ន២នាក់ ចេញពីតំណែង អំឡុងការបើកសម័យប្រជុំវិសាមញ្ញមួយ ដែលមានរយៈពេល១ថ្ងៃ នៅទីក្រុងហាណូយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤។
មិនតែប៉ុណ្ណោះ អំឡុងសម័យប្រជុំវិសាមញ្ញខាងលើ សភាវៀតណាម ក៏នឹងត្រូវបោះឆ្នោតដើម្បីតែងតាំង រដ្ឋមន្រ្តីបរិស្ថានថ្មី ព្រមទាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ផងដែរ។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍របស់សភាវៀតណាម មិនបានបញ្ជាក់អំពីឈ្មោះ របស់ក្រុមមន្រ្តីដែលត្រូវតែងតាំងថ្មី និងមន្រ្តីដែលត្រូវចាកចេញពីតំណែង នោះទេ។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរនាថ្ងៃចន្ទនេះ គឺបន្ទាប់ពីវៀតណាមបានជួប ភាពមិននឹងនរផ្នែកនយោបាយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានមើលឃើញ ប្រធានាធិបតី២នាក់ និងប្រធានរដ្ឋសភាម្នាក់ ត្រូវបានបង្ខំឱ្យចុះចេញពីតំណែង។ សព្វថ្ងៃ វៀតណាមមានឧបនាយករដ្ឋមន្រ្តីសរុប៤នាក់ ធ្វើការក្រោមនាយករដ្ឋមន្រ្តីលោក Pham Minh Chinh។ នៅក្រោយការបោះឆ្នោតនាថ្ងៃចន្ទ ចំនួនឧបនាយករដ្ឋមន្រ្តីវៀតណាម នឹងកើនដល់៥នាក់៕