(បាងកក)៖ អាជ្ញាធរថៃ នាថ្ងៃចន្ទនេះ បានឱ្យដឹងថា គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅទូទាំងប្រទេសថៃ បានសម្លាប់មនុស្ស កើនដល់២២នាក់ និងបង្កឱ្យរបួស១៩នាក់ ហើយបានព្រមានខេត្តមួយចំនួន អំពីហានិភ័យបន្ថែមទៀត ខណៈប្រជាជនប្រមាណជា ៣០,០០០គ្រួសារ រងផលប៉ះពាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤។
អំឡុងភ្លៀងធ្លាក់ខ្លាំង នៅតាមខេត្តជាច្រើនរបស់ប្រទេសថៃ កាលពីសប្តាហ៍មុន គូស្នេហ៍ជនជាតិរុស្ស៉ី និងពលករចំណាកស្រុក៩នាក់ មកពីប្រទេសមីយ៉ាន់ម៉ា ស្ថិតក្នុងចំណោមជនរងគ្រោះ សរុប១៣នាក់ ដែលបានបាត់បង់ជីវិត ដោយសារគ្រោះរអិលបាក់ដី នៅកោះ Phuket នាភាគខាងត្បូង។ កាលពីចុងសប្តាហ៍កន្លងទៅនេះ នាយករដ្ឋមន្រ្តីថៃ អ្នកស្រី Paetongtarn Shinawatra បានផ្តល់ជំនួយជាស្បៀងអាហារដល់ប្រជាជន អំឡុងដំណើរចុះសួរសុខទុក្ខ នៅតាមលំនៅដ្ឋានរបស់ពួកគេ ក្នុងតំបន់ Nan ភាគខាងជើង។
គួរបញ្ជាក់ថា ស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរ កំពុងបន្តនៅខេត្តចំនួន៥ នាភាគខាងជើងប្រទេសថៃ រួមមានដូចជា Chiang Rai, Sukhothai និង Prae ជាដើម ហើយទន្ទឹមគ្នា ក៏មានហានិភ័យខ្ពស់នៃការកើនឡើងកម្ពស់ទឹក នៅតាមតំបន់ក្បែរដងទន្លេ Chao Phraya ផងដែរ ក្នុងនោះរួមមានទាំងទីក្រុងបាងកក៕