(ដាក្កា)៖ ក្រុមមន្រ្តីបាននិយាយនៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា មនុស្សចំនួន ២០នាក់បានស្លាប់ និងច្រើនជាង ៥.២លាននាក់ កំពុងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងមូសុង និងទឹកហូរចុះមកពីប៉ែកខាងលើនៃទន្លេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ ២០២៤។
ទឹកជំនន់ធ្វើឱ្យមនុស្សជាច្រើន ត្រូវការស្បៀងអាហារបន្ទាន់ ទឹកស្អាត ថ្នាំពេទ្យ និងសំលៀកបំពាក់ ជាពិសេសនៅតំបន់ដែលផ្លូវត្រូវបានកាត់ផ្តាច់ដោយទឹកជន់លិច ក្នុងស្រុកមួយចំនួន និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ លោកស្រី Kabita Bose នាយកប្រចាំប្រទេសនៃអង្គការ Plan International Bangladesh បញ្ជាក់ថា «ឥទ្ធិពលនៃភ្លៀងមូសុងឆ្នាំនេះ កាន់តែធ្ងន់ធ្ងរ។ សហគមន៍ទាំងមូលរងការជន់លិចទាំងស្រុង ហើយឥឡូវនេះមនុស្សរាប់លាននាក់ ដែលរួមទាំងកុមារផងនោះ កំពុងត្រូវការទីជម្រកសុវត្ថិភាព និងជំនួយមនុស្សធម៌ដើម្បីសង្គ្រោះជីវិត»។
នាយកដ្ឋានឧតុនិយមបង់ក្លាដែស បានព្រមានថា ស្ថានភាពទឹកជំនន់អាចបន្តកើតមាន ប្រសិនបើភ្លៀងមូសុងនៅតែធ្លាក់ ខណៈដែលទឹកស្រកចុះ តែមានលក្ខណៈយឺតខ្លាំង។ ថ្លែងតាមទូរទស្សន៍ នាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់បង់ក្លាដែស លោក Mohammad Yunus និយាយថា រដ្ឋាភិបាលបានអនុម័តវិធានការចាំបាច់ទាំងអស់ ដើម្បីធានាឱ្យមានការវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ ក្នុងពេលឆាប់ៗ ដោយធ្វើការសម្របសម្រួលជាមួយស្ថាប័នរដ្ឋាភិបាល និងឯកជន។
គួរបញ្ជាក់ថា មនុស្ស ៤០០,០០០នាក់ ត្រូវបានជម្លៀសចេញពីស្រុកដែលរងគ្រោះដោយទឹកជំនន់ ទៅកាន់ទីម្រកបណ្តោះអាសន្នចំនួន ៣,៥០០កន្លែងជាមួយនិងកិច្ចប្រឹងប្រែងសង្រ្គោះពីយោធា និងឆ្មាំព្រំដែនបង់ក្លាដែស៕