(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev បាននិយាយថា ស្ថាបនិក និងនាយកប្រតិបតិ្ត (CEO) នៃប្រព័ន្ធកម្មវិធីផ្ញើសារដ៏ល្បីលើពិភពលោក Telegram ដើមកំណើតរុស្ស៉ី លោក Pavel Durov គិតខុសហើយដែលចាកចេញពីប្រទេស ហើយគិតថានឹងមិនសហការជាមួយទីភ្នាក់ងារសន្តិសុខ នៅបរទេសនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ ២០២៤។
ការលើកឡើងនេះ គឺចង់សំដៅដល់ការសន្ទនាគ្នាច្រើនឆ្នាំមុន ដោយកាលណោះ លោក Medvedev ធ្លាប់ប្រាប់ លោក Durov ថាប្រសិនបើមិនចង់សហការជាមួយភ្នាក់ងារអនុវត្តច្បាប់ទេ នោះនឹងមានបញ្ហានៅក្នុងប្រទេសណាមួយមិនខាន។ លោក Medvedev ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ីបច្ចុប្បន្ន គូសបញ្ជាក់ថា «លោក Durov ចង់ក្លាយជា បុរសឆ្លាតរបស់ពិភពលោក ដែលអាចរស់នៅបានយ៉ាងអស្ចារ្យ ដោយមិនបាច់នៅក្នុងប្រទេសកំណើត»។ លោក Medvedev បន្ថែមថា «Durov គិតខុសហើយ។ សម្រាប់សត្រូវរួមរបស់យើងឥឡូវនេះ គាត់គឺជាជនជាតិរុស្ស៉ី ដូច្នេះវាមានគ្រោះថ្នាក់ ដែលមិនអាចទាយកទុកមុនបាន»។
គួរបញ្ជាក់ថា លោក Durov ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ ប្រសិនបើតុលាការរកឃើញថា លោកពិតជាមានកំហុស។ មហាសេដ្ឋីជនជាតិរុស្ស៉ីរូបនេះត្រូវបានឃាត់ខ្លួន ក្រោមការស៉ើបអង្កេតរបស់អាជ្ញាធរបារាំង ដែលចោទប្រកាន់ពីភាពខ្វះខាតលើការត្រួតពិនិត្យមាតិកា និងសហការជាមួយអាជ្ញាធរលើកម្មវិធី Telegram ដែលអាចឱ្យ លោក Durov ជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់ផ្សេងៗ រាប់ចាប់តាំងពីអំពើជួញដូរគ្រឿងញៀន ឆបោក រហូតដល់អំពើរំលោភបំពានផ្លូវភេទលើអនីតិជន ជាដើម។ មហាសេដ្ឋជនជាតិរុស្ស៉ីរូបនេះ ត្រូវប៉ូលិសបារាំងឃាត់ខ្លួនភ្លាមៗពេលចុះពីលើយន្តហោះឯកជន នៅឯព្រលានយន្តហោះមួយកន្លែង ក្បែរទីក្រុងប៉ារីស៕