(កៀវ)៖ ក្រសួងការបរទេសអ៊ុយក្រែន បានចោទប្រកាន់អ្នកជិតខាងរបស់ខ្លួន និងជាសម្ព័ន្ធមិត្តរបស់រុស្ស៉ឺ គឺបេឡារុសថាបានប្រមូលផ្ដុំកងទ័ពនៅតាមបណ្ដោយព្រំដែនជាប់ ជាមួយអ៊ុយក្រែន និងបានព្រមានទីក្រុងមីនស្កិ៍ប្រឆាំងនឹងរាល់ការធ្វើសកម្មភាពអមិត្ត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រតិកម្មរបស់ក្រសួងការបរទេសអ៊ុយក្រែន ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហា និងកើតឡើងចំពេលអ៊ុយក្រែនកំពុងបើកប្រតិបត្តិការ វាយលុកចូលតំបន់ Kursk របស់រុស្ស៉ី ខណៈរុស្ស៉ីបន្តវាយរុលទៅមុខក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន។ បេឡារុសបានអនុញ្ញាតឱ្យកងទ័ពរុស្ស៉ីប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បី បើកការឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ក្រសួងការបរទេសអ៊ុយក្រែន បានគូសបញ្ជាក់ដូច្នេះថា «ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ប្រមូលបាន ព័ត៌មានថាបេឡារុស កំពុងប្រមូលផ្ដុំកងទ័ពក្នុងចំនួនដ៏ច្រើន...នៅក្នុងតំបន់ Gomel ក្បែរព្រំដែនភាគខាងជើងរបស់អ៊ុយក្រែនដោយបន្លំធ្វើជាការធ្វើសមយុទ្ធ»។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអ៊ុយក្រែនក៏បានអំពាវនាវផងដែរឱ្យបេឡារុសដកកងកម្លាំងចេញពីតំបន់ក្បែរព្រំដែន និងព្រមានក្រុមមន្ត្រីបេឡារុស កុំឱ្យប្រព្រឹត្តកំហុសបង្កការខាតបង់សម្រាប់ប្រទេសរបស់ខ្លួន នៅក្រោមសម្ពាធរបស់ទីក្រុងមូស្គូ។
គួរបញ្ជាក់ថា អ៊ុយក្រែន ក៏ធ្លាប់បានចោទប្រកាន់បេឡារុសរួចហើយដែរថាបានបង្កើនការដាក់ពង្រាយបរិក្ខារយោធា និងកងទ័ពនៅក្បែរតំបន់ព្រំដែនជាប់អ៊ុយក្រែន។ ប៉ុន្តែ បេឡារុស បានអះអាងថាការដាក់ពង្រាយទាំងនោះគ្រាន់តែដើម្បីធ្វើសមយុទ្ធតែប៉ុណ្ណោះ៕