(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាកិច្ចចរចាកំពុងធ្វើឡើងជាមួយអារ៉ាប៊ីសាអូឌីត កាតា តួកគី និងស្វីស ពាក់ព័ន្ធនឹងការរៀបចំ កិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែនលើកទី២ ហើយថារូបលោកនឹងគាំទ្រឱ្យឥណ្ឌា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចសន្ទនាមួយជាមួយក្រុមអ្នកកាសែតឥណ្ឌា ដែលត្រូវបានចែករំលែកបន្តនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោក កាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហា។ លោក ហ្សេលេនស្គី ក៏បានអះអាងផងដែរថាលោកផ្ទាល់បានប្រាប់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌីថាលោកនឹងគាំទ្រឱ្យឥណ្ឌាធ្វើជា ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែនលើកទី២ ខណៈទីក្រុងកៀវចង់ឱ្យប្រទេសមួយក្នុងចំណោមក្រុមប្រទេស Global South ទទួលរៀបចំកិច្ចប្រជុំនេះ។
នៅក្នុងកិច្ចសន្ទនាជាមួយក្រុមអ្នកកាសែតឥណ្ឌា លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ក៏ប៉ុន្តែ ខ្ញុំសូមនិយាយដោយស្មោះ ពោលគឺមិនមែនមានតែឥណ្ឌាទេ តែគឺគ្រប់ប្រទេស ដែលបង្ហាញភាពវិជ្ជមានអំពីការរៀបចំកិច្ចប្រជុំកំពូលលើកទី២។ យើងនឹងមិនអាចរៀបចំកិច្ចប្រជុំកំពូលសន្តិភាពក្នុងប្រទេសមួយ ដែលមិនទាន់បានចូលរួមក្នុងសេចក្ដីថ្លែងការណ៍ នៃកិច្ចប្រជុំសន្តិភាពបាននោះឡើយ»។
គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី លោកផ្ទាល់ក៏បានពិភាក្សាផងដែរ អំពីគ្រប់ចំណុចទាំងអស់នៅក្នុងសេចក្ដីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលសន្តិភាព នៅប្រទេសស្វីស កាលពី ខែមិថុនា នៅក្នុងជំនួបជាមួយលោក ម៉ូឌី ក្នុងទីក្រុងកៀវ កាលពីថ្ងៃសុក្រសប្ដាហ៍មុន៕