(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី២៦ ខែសីហានេះ បានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងដឹកនាំការធ្វើតេស្ដដោយផ្ទាល់លើដ្រូនផលិតនៅក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាម KCNA កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់វិទ្យាស្ថានដ្រូន នៃបណ្ឌិតសភាយោធាកូរ៉េខាងជើង និងបានទស្សនា ការធ្វើតេស្ដដោយជោគជ័យនូវដ្រូនដែលបានកំណត់គោលដៅច្បាស់ៗ និងវាយប្រហារកម្ទេចគោលដៅដែលត្រូវបានរៀបចំទុក។ លោក គីម បានអំពាវនាវឱ្យ យោធារបស់លោកបង្កើនការផលិតដ្រូនអត្តឃាត សម្រាប់ការប្រើប្រាស់នៅក្នុងប្រតិបត្តិការពិសេស ព្រមទាំងដ្រូនសមុទ្រ ដ្រូនស៊ើបការណ៍យុទ្ធសាស្ត្រ និងដ្រូនប្រយុទ្ធជាដើម។
គួរបញ្ជាក់ថា កូរ៉េខាងជើង បាន និងកំពុងបង្កើនការពង្រឹងសមត្ថភាពយោធារបស់ខ្លួន ជាមួយការផ្តោតលើការអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរតាក់ទិក និងកាំភ្លើងធំ ធុនធ្ងន់ បន្ថែមពីលើសមត្ថភាពមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយ នៅចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕