(បរទេស)៖ លោក Brian Niccol ទើបតែត្រូវបានក្រុមហ៊ុនកាហ្វេយក្ស Starbucks ប្រកាសតែងតាំងជានាយកប្រតិបត្តិ (CEO) កាលពីថ្មីៗ ហើយនឹងចូលកាន់តំណែងនៅដើមខែកញ្ញាខាងមុខនេះ ជាមួយនឹងប្រាក់បៀវត្សប្រចាំឆ្នាំ ១.៦លានដុល្លារអាមេរិក ប៉ុន្តែអ្វីដែលដែលកាន់តែអស្ចារ្យនោះគឺថា លោកត្រូវបានក្រុមហ៊ុនអនុញ្ញាតឲ្យប្រើប្រាស់យន្តហោះផ្ទាល់ខ្លួន (Private Jet) ក្នុងការធ្វើដំណើរទៅធ្វើការនៅការិយាល័យកណ្ដាល។
នាយកប្រតិបត្តិវ័យ ៥០ឆ្នាំរូបនេះ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Starbucks ដោយទទួលបានប្រាក់បៀវត្សប្រចាំ ១.៦លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ និងអាចទទួលបានប្រាក់លើកទឹកចិត្តចន្លោះ ៣.៦ ទៅ ៧.២លានដុល្លារមេរិកបន្ថែមទៀត អាស្រ័យលើការអនុវត្ត និងការបំពេញការងាររបស់គាត់នៅក្នុងក្រុមហ៊ុន ជាពិសេសនោះគឺគាត់អាចទទួលបានប្រាក់រង្វាន់ប្រចាំឆ្នាំរហូតដល់ ២៣លានដុល្លារអាមេរិក។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន DNTV បានឲ្យដឹងថា លោក Niccol នឹងត្រូវធ្វើដំណើរតាមរយៈយន្តហោះ Private Jet របស់ក្រុមហ៊ុនពីរដ្ឋកាលីហ្វ័រញ៉ា ដែលជាទីកន្លែងរស់នៅ ទៅកាន់ទីក្រុង Seattle ដែលជាការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន ដែលមានចម្ងាយ ១៦០០គីឡូម៉ែត្រ។
បើយោងតាមលិខិតផ្លូវការមួយបានបញ្ជាក់ថា លោក Niccol ប្រហែលជាទៅបំពេញការងារ នៅការិយាល័យកណ្ដាលត្រឹមតែបីថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ប៉ុន្តែលោកអាចនឹងបំពេញការងារពីកន្លែងផ្សេងបាន ដែលវាជាវិធានការមួយរបស់ក្រុមហ៊ុនដែលបានកំណត់ និងអនុវត្តកាលពីឆ្នាំ២០២៣៕