(ប៉ារីស)៖ ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃប្រព័ន្ធកម្មវិធីផ្ញើសារដ៏ល្បីលើពិភពលោក Telegram ប្រឈមមុខការជាប់ពន្ធនាគារ រយៈពេលអតិបរមារហូតដល់២០ឆ្នាំ ប្រសិនបើតុលាការរកឃើញថា ពិតជាមានកំហុស បន្ទាប់ពីលោកត្រូវបានចាប់ខ្លួននៅប្រទេសបារាំង។
នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នាថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤។
លោក Pavel Durov ត្រូវបានប៉ូលិសបារាំងឃាត់ខ្លួនភ្លាមៗ ពេលលោកចុះពីលើយន្តហោះឯកជន នៅឯព្រលានយន្តហោះមួយកន្លែង ក្បែរទីក្រុងប៉ារីស។
មហាសេដ្ឋីជនជាតិរុស្ស៉ីរូបនេះ ត្រូវបានឃាត់ខ្លួន ក្រោមការស៉ើបអង្កេតរបស់អាជ្ញាធរបារាំង ដែលបានចោទប្រកាន់ថា ភាពខ្វះការត្រួតពិនិត្យមាតិកា និងភាពខ្វះកិច្ចសហការជាមួយអាជ្ញាធរ របស់កម្មវិធី Telegram អាចធ្វើឱ្យលោក Durov ជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់ផ្សេងៗ រួមមានចាប់តាំងពី អំពើជួញដូរគ្រឿងញៀន អំពើឆបោក រហូតដល់ អំពើរំលោភបំពានផ្លូវភេទលើអនីតិជន ជាដើម ដែលរីកសុះសាយពេញកម្មវិធីរបស់លោក។
មហាសេដ្ឋីដែលមានលុយ ១៥.៥ពាន់លានដុល្លារ លោក Durov នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការ ក្នុងប្រទេសបារាំង ដើម្បីដោះស្រាយការចោទប្រកាន់ទាំងនេះ។
លោក Pavel Durov បានចាកចេញពីប្រទេសរុស្ស៊ី កាលពីឆ្នាំ២០១៤ បន្ទាប់ពីបដិសេធមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាលរុស្ស៉ី ក្នុងការបិទសហគមន៍ប្រឆាំង នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VK ជាកម្មវិធីដែលលោក ធ្លាប់ជាសហស្ថាបនិក។
សព្វថ្ងៃ លោក Durov រស់នៅទីក្រុង Dubai ជាកន្លែងដែលទីស្នាក់ការកណ្តាលរបស់ Telegram ស្ថិតនៅ ហើយកាន់សញ្ជាតិ២ គឺបារាំង និងអេមីរ៉ាតអារ៉ាប់រួម។
គួរបញ្ជាក់ថា ការចាប់ខ្លួនស្ថាបនិក Telegram រូបនេះ បានបង្កឱ្យការបង្ហាញក្តីកង្វល់ នៅក្នុងសហគមន៍បច្ចេកវិទ្យាលើពិភពលោក និងក្នុងចំណោមសកម្មជនគាំទ្រសេរីភាពបណ្តាញអ៉ីនធើណិត។ Telegram ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ជាប្រចាំជិត១ពាន់លាននាក់៕