(ប៉េកាំង)៖ ចិនបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ដែលដាក់លើក្រុមហ៊ុនចិនមួយចំនួន ដោយចោទប្រកាន់ថា ពួកគេមានទំនាក់ទំនងជាមួយរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃអាទិត្យនេះថា ចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការអនុវត្តខុសឆ្គងនេះជាបន្ទាន់ ហើយថាខ្លួននឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន។
កាលពីថ្ងៃសុក្រ ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនជិត ៤០០ ដែលខ្លួនជឿថាកំពុងជួយដល់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន រួមទាំងក្រុមហ៊ុនចិនមួយចំនួន។ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា វិធានការនេះគឺជា «ទណ្ឌកម្មឯកតោភាគី» ដែល «រំខានដល់សណ្តាប់ធ្នាប់ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ»។
ទោះបីជាសហរដ្ឋអាមេរិកបានព្រមាន ចិនម្តងហើយម្តងទៀតអំពីការគាំទ្រចំពោះឧស្សាហកម្មការពារជាតិរបស់រុស្ស៊ីក៏ដោយ ក៏ចិនបានបង្ហាញខ្លួនជាភាគីអព្យាក្រឹតក្នុងសង្គ្រាម ហើយនិយាយថា ខ្លួនមិនបានផ្ញើជំនួយទៅភាគីណាមួយឡើយ។
ទោះជាយ៉ាងណា ចិនគឺជាសម្ព័ន្ធមិត្តនយោបាយ និងសេដ្ឋកិច្ចជិតស្និទ្ធរបស់រុស្ស៊ី ហើយសមាជិក NATO បានចាត់ទុកទីក្រុងប៉េកាំងថាជា «អ្នកជួយដ៏សំខាន់» នៃសង្គ្រាម ដែលខ្លួនមិនដែលថ្កោលទោស៕