(ប៉េកាំង)៖ ថ្ងៃទី២២ ខែសីហា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតី ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ អ្នកយកព័ត៌មានបានសួរថា៖ មន្ត្រីជាន់ខ្ពស់អាមេរិក បានជួបសន្ទនាជាមួយដាឡៃឡាម៉ា នៅទីក្រុងញូវយ៉កកាលពីម្សិលមិញ។ តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណា ចំពោះរឿងនេះ?

លោកស្រី Mao Ning បានថ្លែងថា ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា បុគ្គលដាឡៃឡាម៉ាទី១៤ មិនមែនជាអ្នកកាន់សាសនាដ៏បុរិសុទ្ធទេ ហើយក៏មិនមែនជាឥស្សរជនអហិង្សា និងសន្តិភាពនោះដែរ តែជាអ្នកនយោបាយនិរទេសខ្លួន ដែលជ្រកក្រោមស្លាកសាសនា និងចូលរួមក្នុងសកម្មភាពប្រឆាំង និងបំបែកបំបាក់ប្រទេសចិន។ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះប្រទេសណា ដែលអនុញ្ញាតឲ្យបុគ្គលដាឡៃឡាម៉ា ធ្វើទស្សនកិច្ចក្នុងនាមណាមួយ ហើយប្រឆាំងយ៉ាងដាច់ខាត ចំពោះមន្ត្រីរដ្ឋាភិបាលរបស់ប្រទេសណា ដែលជួបសន្ទនាជាមួយបុគ្គលដាឡៃឡាម៉ានោះ តាមទម្រង់ណាក្តី ភាគីចិនបានលើកឡើងការប្រឆាំងយ៉ាងដាច់ខាត ចំពោះអាមេរិករួចហើយ។

លោកស្រី Mao Ning បានលើកឡើងថា យើងដាស់តឿនឱ្យអាមេរិកយល់ដឹងឱ្យបានច្បាស់ ពីសារៈសំខាន់ នៃបញ្ហាពាក់ព័ន្ធតំបន់ Xi Zang ប្រទេសចិន មើលឱ្យបានច្បាស់ពីធាតុពិតនៃការប្រឆាំង និងបំបែកបំបាក់ប្រទេសចិន របស់ក្រុមដាឡៃឡាម៉ា គោរពតាមពាក្យសន្យារបស់ខ្លួន លើបញ្ហាពាក់ព័ន្ធតំបន់ Xi Zang គោរពយ៉ាងប្រាកដប្រជា នូវផលប្រយោជន៍ស្នូលនិងកង្វល់ធំៗរបស់ប្រទេសចិន ហើយមិនអនុញ្ញាតឱ្យបុគ្គលដាឡៃឡាម៉ា ធ្វើសកម្មភាពនយោបាយបំបែកបំបាក់ នៅអាមេរិក និងគួរមិនមានទំនាក់ទំនងណាមួយជាមួយបុគ្គលនេះ ទោះតាមទម្រង់ណាមួយក្តី៕

វិទ្យុមិត្តភាពកម្ពុជាចិន