(ភ្នំពេញ)៖ ព្រោះតែសង្គ្រាមរវាងប្រទេសអ៉ីស្រាអែល និងក្រុមហាម៉ាស បានបន្សល់ទុកសាកសពមនុស្សរាប់ម៉ឺននាក់ របួសរាប់សែននាក់ និងកំពុងទទួលរងការឈឺចាប់ខ្លោចផ្សាដ៏សែនវេទនារាប់លាននាក់ សម្រាប់ប្រជាជនប៉ាឡេស្ទីន។
រហូតមកដល់ពេលនេះបទឈប់បាញ់ នៅតែជាក្តីសុបិន្តនៅឡើយ មិនទាន់ក្លាយជាការពិតនោះទេ ខណ:ដែលប្រជាជនប៉ាឡេស្ទីនបានស្លាប់ របួស គ្មានជម្រក អត់អាហារ និងព្រាត់ប្រាសគ្រួសារកាន់តែច្រើនឡើង។
នេះជាសង្គ្រោមដែលមនុស្សជាតិលើភពផែនដី មិនចង់ឃើញ មិនចង់បាន និងមិនចង់ទទួលនោះទេ។
សម្រាប់កម្ពុជារបស់យើង ដែលកំពុងមានសន្តិភាពពេញលេញលើផ្ទៃប្រទេសទៅហើយ ហេតុអ្វីមនុស្សមួយចំនួនតូចនៅតែចង់ឲ្យស្ថានភាពដ៏អាក្រក់នេះកើតនៅស្រុកទេសរបស់យើង? សូមប្តេជ្ញា និងរួមគ្នាការពារសន្តិភាពឲ្យបានជាដាច់ខាត ទើបយើងមានឱកាសអភិវឌ្ឍន៍សង្គមជាតិកម្ពុជាកាន់តែរីកចំរើនទៅមុខ។
សូមស្តាប់សំដីដ៏មានន័យ និងធ្វើឲ្យចាក់ចំបេះដូងមនុស្សជាតិលើលោក ពីសំណាក់ក្មេងស្រីប៉ាឡេស្ទីនម្នាក់ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Al Jazeera!
សម្តីក្មេងស្រីប៉ាឡេស្ទីនម្នាក់ ដែលត្រូវព្រាត់ប្រាសពីផ្ទះសម្បែង ដោយសារតែសង្រ្គាម៖ «តើឯណាទៅក្រុមប្រទេសអារ៉ាប់? ឯណាទៅអេហ្ស៉ីប? ពួកយើងហត់នឿយណាស់។
ខ្ញុំបានដើរយ៉ាងឆ្ងាយទម្រាំមកដល់ទីនេះ។ តើបទឈប់បាញ់នៅឯណា? ពួកយើងចង់ឱ្យមានបទឈប់បាញ់។ ខ្ញុំអស់កម្លាំងណាស់។
ពួកប្រទេសអារ៉ាប់ កំពុងឈរមើលពួកយើង ទទួលរងទារុណកម្ម។ ពួកយើងពិតជានឿយហត់ណាស់។
ខ្ញុំចង់ឱ្យវាបញ្ចប់ទៅវិញឆាប់ៗ។ ពួកក្មេងៗអារ៉ាប់ មានភាពសប្បាយរីករាយ លើកលែងតែពួកយើង ដែលកំពុងរងការជិះជាន់ធ្វើបាប។ នៅជុំវិញពួកយើង សុទ្ធតែគំនរអគារបែកបាក់»។
នៅពេលត្រូវគេសួរនាំថា តើឥឡូវនាងកំពុងដំណើរឆ្ពោះទៅកាន់ទីណាវិញ? ក្មេងស្រីនោះបានឆ្លើយតបថា «ពួកយើងមិនដឹងទេ។
ពួកយើងមិនអាចរកកន្លែងដែលត្រូវទៅបាននោះទេ។ ពួកយើងកំពុងព្យាយាមរកកន្លែង ដែលត្រូវទៅ ប៉ុន្តែហាក់រកពុំបានឡើយ»។