(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា យានអវកាស Starliner របស់ក្រុមហ៊ុន Boeing នឹងត្រឡប់មកកាន់ផែនដីវិញ នៅខែកញ្ញាខាងមុខ ប៉ុន្តែអវកាសយានិក២នាក់ របស់យានអវកាសនោះ គឺលោក Butch Wilmore និងលោកស្រី Sunita Williams នឹងត្រូវបន្តស្នាក់នៅ ក្នុងស្ថានីយអវកាសអន្តរជាតិ ISS រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤។
NASA បាននិយាយថា ការវិលត្រឡប់ដោយគ្មានមនុស្ស នឹងអនុញ្ញាតឱ្យ NASA និង Boeing បន្តប្រមូលទិន្នន័យធ្វើតេស្ត នៃយាន Starliner អំឡុងពេលហោះហើរចុះមកកាន់ផែនដីវិញ ហើយទន្ទឹមគ្នាវាជួយទប់ស្កាត់ហានិភ័យ សម្រាប់លោក Wilmore និងលោកស្រី Williams។ អ្នកទាំងពីរ ជាអវកាសយានិករបស់ NASA ដែលបានធ្វើដំណើរទៅដល់ស្ថានីយ ISS តាមរយៈយាន Starliner កាលពីថ្ងៃទី៦ ខែមិថុនា។ បើតាមផែនការដំបូង ពួកគេត្រូវជិះ Starliner ត្រឡប់មកវិញ ក្រោយចំណាយពេលត្រឹម៨ថ្ងៃប៉ុណ្ណោះ នៅស្ថានីយ ISS ប៉ុន្តែដោយសារតែយានបានជួបបញ្ហាបច្ចេកទេស អ្នកទាំងពីរត្រូវបានតម្រូវឱ្យបន្តស្នាក់នៅទីនោះ អស់រយៈពេលជាង២ខែ មកហើយ។
គួរបញ្ជាក់ថា លោក Wilmore និងលោកស្រី Williams នឹងបន្តការងាររបស់ខ្លួន នៅស្ថានីយ ISS រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥។ ពួកគេនឹងត្រឡប់មកកាន់ផែនដីវិញ តាមរយៈយាន Dragon របស់ក្រុមហ៊ុន SpaceX រួមជាមួយអវកាសយានិក២នាក់ទៀត នៃបេសកកម្មនោះ ហៅថា SpaceX Crew-9 របស់ NASA។ បេសកកម្ម Crew-9 ដំបូងឡើយត្រូវមានអវកាសយានិកសរុប៤នាក់ ប៉ុន្តែបន្ថយមកនៅត្រឹម២នាក់ ដើម្បីទុកកៅអីទំនេរសម្រាប់លោក Wilmore និង លោកស្រី Williams។ បើតាមកាលវិភាគ Crew-9 នឹងចេញដំណើរពីផែនដី នៅថ្ងៃទី២៤ ខែកញ្ញា៕