(កៀវ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ឈ្លើយសឹកសរុបចំនួន២៣០នាក់ ត្រូវបានដោះលែង ក្នុងការដោះដូរអ្នកទោសសង្រ្គាមរវាង អ៊ុយក្រែននិងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសឱ្យដឹងថា អ្នកទោសសង្រ្គាមអ៊ុយក្រែនចំនួន១១៥នាក់ បានវិលត្រឡប់មកកាន់មាតុភូមិវិញ ដោយពួកគេទាំងនោះ គឺជាសមាជិកកងកម្លាំងឆ្មាំជាតិ កងកម្លាំងប្រដាប់អាវុធ កងទ័ពជើងទឹក និងកងឆ្មាំព្រំដែន។ រីឯក្រសួងការពារជាតិរុស្ស៉ី ក៏បានប្រកាសដែរថា ខ្លួនទទួលបានទាហានរុស្ស៉ី១១៥នាក់មកវិញ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន នៅតំបន់ Kursk។ អ៊ុយក្រែនធ្លាប់បានអះអាងថា កងទ័ពរុស្ស៉ីរាប់រយនាក់ ត្រូវបានចាប់ខ្លួននៅតំបន់ Kursk នៃប្រទេសរុស្ស៉ី ជាទីដែលកងកម្លាំងអ៊ុយក្រែន បានបើកប្រតិបត្តិការវាយលុកយ៉ាងភ្ញាក់ផ្អើល ចាប់តាំងថ្ងៃទី៦ ខែសីហា។
គួរបញ្ជាក់ថា ដំណឹងនៃការដោះដូរឈ្លើយសឹកខាងលើ ត្រូវបានបង្ហើបឱ្យដឹងដំបូង ដោយអេមីរ៉ាតអារ៉ាប់រួម។ អ៊ុយក្រែននិងរុស្ស៉ី បានសម្តែងការអរគុណចំពោះអេមីរ៉ាតអារ៉ាប់រួម សម្រាប់ការជួយសម្រុះសម្រួលកិច្ចប្រឹងប្រែងនេះ។ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង រយៈពេលជាង២ឆ្នាំមកនេះ អេមីរ៉ាតអារ៉ាប់រួម បានជួយឱ្យមានការដោះលែងអ្នកទោសសង្រ្គាមជិត១,៨០០នាក់ ក្នុងការដោះដូរឈ្លើយសឹកសរុប៧លើក រវាងអ៊ុយក្រែននិងរុស្ស៉ី៕