(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែល បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា កងយន្តហោះចម្បាំងរបស់ខ្លួន បានធ្វើប្រតិបត្តិការវាយប្រហារ នៅប្រទេសលីបង់ បន្ទាប់ពីបានវាយតម្លៃឃើញថា ក្រុម Hezbollah ហាក់កំពុងត្រៀមលក្ខណៈ ដើម្បីរៀបចំបាញ់រ៉ុក្កែតនិងមីស៉ីល ក្នុងទ្រង់ទ្រាយធំមកលើអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤។
យោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «កងកម្លាំងការពារជាតិអ៉ីស្រាអែល IDF បានកំណត់ឃើញថា ក្រុម Hezbollah កំពុងត្រៀមរៀបចំ ដើម្បីបាញ់មីស៉ីលនិងរ៉ុក្កែត សំដៅមកកាន់ទឹកដីអ៉ីស្រាអែល។ ឆ្លើយតបចំពោះការគំរាមកំហែងនេះ IDF កំពុងបើកប្រតិបត្តិការវាយប្រហារ លើគោលដៅ Hezbollah នៅលីបង់»។ ក្រុមចលនា Hezbollah មានអ៉ីរ៉ង់ជាខ្នងបង្អែក និងមានមូលដ្ឋាននៅប្រទេសលីបង់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល ជើងហោះហើរចេញ-ចូលអាកាសយានដ្ឋាន Ben Gurion នៅទីក្រុង Tel Aviv ត្រូវបានផ្អាក ហើយគណៈរដ្ឋមន្រ្តីអ៉ីស្រាអែល នឹងកោះប្រជុំបន្ទាន់ នាម៉ោង៧ព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងនៅអ៉ីស្រាអែល)។ យោធាអ៉ីស្រាអែល បានព្រមានជនស៉ីវិលទាំងអស់ នៅតំបន់ភាគខាងត្បូងលីបង់ ឱ្យចៀសឆ្ងាយពី ទីតាំងធ្វើប្រតិបត្តិការរបស់ក្រុម Hezbollah។
គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងខ្លាំងជាពិសេស រវាងអ៉ីស្រាអែលនិង Hezbollah ចាប់តាំងពីការវាយប្រហារមីស៉ីល នៅតំបន់ Golan Heights របស់អ៉ីស្រាអែល កាលពីខែកក្កដា បានផ្តាច់ជីវិតក្មេងៗចំនួន១២នាក់ ហើយយោធាអ៉ីស្រាអែល បានធ្វើឃាតមេបញ្ជាការជាន់ខ្ពស់ម្នាក់ របស់ក្រុម Hezbollah នៅទីក្រុង Beirut ដើម្បីជាការសងសឹកវិញ៕