(ដាក្កា)៖ ប្រជាជនបង់ក្លាដែសប្រហែលជិត៣០០,០០០នាក់ កំពុងស្នាក់នៅតាមកន្លែងជ្រកកោនបណ្តោះអាសន្ន ដើម្បីរត់គេចពីគ្រោះទឹកជំនន់ ដែលបានបង្កការជន់លិច ផ្ទៃដីមួយភាគធំនៃប្រទេសអាស៉ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤។
គ្រោះទឹកជំនន់ខាងលើ ត្រូវបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងបានផ្តាច់ជីវិតមនុស្សសរុបយ៉ាងហោច១៨នាក់ នៅបង់ក្លាដែស។ ប្រទេសដែលមានប្រជាជនសរុប ១៧០លាននាក់នេះ តែងជួបប្រទះគ្រោះទឹកជំនន់ ជារៀងរាល់ឆ្នាំ។ ក្រសួងគ្រប់គ្រងមហន្តរាយរបស់បង់ក្លាដែស បាននិយាយថា គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ មនុស្សចំនួន២៨៥,០០០នាក់ កំពុងស្នាក់នៅតាម កន្លែងជ្រកកោនបណ្តោះអាសន្ន ខណៈប្រជាជនសរុប៤.៥លាននាក់ បានរងផលប៉ះពាល់។
គួរបញ្ជាក់ថា ឥណ្ឌាដែលនៅក្បែរខាងបង់ក្លាដែស ក៏កំពុងរងគ្រោះទឹកជំនន់ផងដែរ។ គិតចាប់តាំងពីដើមសប្តាហ៍នេះ មានមនុស្សយ៉ាងហោច២៤នាក់ស្លាប់ នៅរដ្ឋ Tripura របស់ឥណ្ឌា ហើយមនុស្សប្រហែល៦៥,០០០នាក់ ត្រូវបង្ខំឱ្យស្នាក់នៅតាមជំរំជួយសង្រ្គោះ។ ក្រុមអ្នកវិទ្យាសាស្រ្តបានអះអាងថា ការប្រែប្រួលអាកាសធាតុ គឺជាកត្តាចម្បងដែលជំរុញឱ្យគ្រោះធម្មជាតិ ពិបាកប៉ាន់ស្មាន ហើយមានសភាពធ្ងន់ធ្ងរខ្លាំងឡើងៗ៕