(បារាំង)៖ ម្ចាស់ និងនាយកប្រតិបត្តិ កម្មវិធីផ្ញើសារល្បីរបស់ពិភពលោក Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ Bourget ស្ថិតនៅក្រៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលលោកធ្វើដំណើរតាម Private Jet ទៅកាន់ទីនោះ។
នេះបើយោងតាមសារព័ត៌មាន Reuters និងសារព័ត៌មានធំៗរបស់អន្តរជាតិ បានចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤។
ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពី មហាសេដ្ឋី លោក Pavel Durov បានធ្វើដំណើរចេញពីប្រទេស Azerbaijan ទៅកាន់ប្រទេសបារាំង ហើយត្រូវបានចាប់ខ្លួននៅទីនោះ ម៉ោង៨យប់ (ម៉ោងនៅបារាំង) ។
ប្រព័ន្ធផ្សព្វផ្សាយបារាំង TF1 និង BFM បានអះអាងថា ការស៉ើបអង្កេតនោះបានផ្តោតទៅលើ បញ្ហាខ្វះអ្នកត្រួតពិនិត្យនៅលើប្រព័ន្ធ Telegram ហើយប៉ូលិសបារាំងចាត់ទុកថា ស្ថានការណ៍បែបនេះ បានអនុញ្ញាតបណ្តោយឱ្យសកម្មភាពខុសច្បាប់ដូចជា ក្លែងបន្លំ ការជួញដូរ ប្រព្រឹត្តទៅទាំងគ្មានការក្រោតក្រែងនៅលើ Telegram។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់បារាំង បានរាយការណ៍បន្ថែមថា លោក Durov ត្រូវបានកំណត់គោលដៅចាប់ខ្លួន ក្រោមដីកាមួយ នៅឯប្រទេសបារាំង ក្នុងក្របខណ្ឌនៃការស៉ើបអង្កេតបឋមរបស់ប៉ូលិសបារាំង។
លោក Pavel Durov ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅតុលាការក្នុងពេលឆាប់ៗបន្ទាប់ពីការចាប់ឃុំខ្លួនគាត់។
លោក Pavel Durov បានចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបដិសេធមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាល ក្នុងការបិទសហគមន៍ប្រឆាំងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VK របស់រុស្ស៉ី ។
លោកត្រូវបានចោទប្រកាន់ពីបទបរាជ័យ ក្នុងការសម្របសម្រួលវេទិកាមួយ ដោយអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ធ្វើសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗ រួមទាំងការក្លែងបន្លំ ការជួញដូរគ្រឿងញៀន។
លោក Durov ដែលទ្រព្យសម្បត្តិត្រូវទស្សនាវដ្តី Forbes ប៉ាន់ប្រមាណថា មានចំនួនខ្ទង់១៥.៥ពាន់លានដុល្លារ ធ្លាប់និយាយថា រដ្ឋាភិបាលប្រទេសមួយចំនួន បានព្យាយាមដាក់សម្ពាធទៅលើរូបលោក ប៉ុន្តែលោកប្រកាន់ជំហរថាប្រព័ន្ធ Telegram ដែលឥឡូវនេះមានអ្នកប្រើប្រាស់ជាប្រចាំរហូតដល់៩០០លាននាក់៕