(វ៉ាស៉ីនតោន)៖ នៅថ្ងៃសៅរ៍ ទី២៥ ខែសីហានេះ ឧត្តមសេនីយកំពូលមួយរូបរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមដំណើរទស្សនកិច្ចដោយមិនមានការប្រកាសជាមុនទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីពិភាក្សាអំពីវិធីសាស្ត្របញ្ចៀសភាពតានតឹងបន្ថែមទៀត ខណៈតំបន់នេះកំពុងប្រឈមមុខនឹងការវាយប្រហារដែលអាចកើតមានដោយអ៉ីរ៉ង់លើអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក C.Q. Brown ប្រធានអគ្គសេនាធិការចម្រុះនៃកងទ័ពអាកាស បានទៅដល់ហ៊្សកដានី ហើយនឹងបន្តទៅកាន់អេហ្ស៉ីប ក៏ដូចជាអ៉ីស្រាអែលផងដែរ នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីស្តាប់ទស្សនៈរបស់បណ្តាមេដឹកនាំយោធានៃប្រទេសទាំងនោះ។ ទស្សនកិច្ចនេះធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក ព្យាយាមដោះស្រាយបញ្ហាកិច្ចព្រមព្រៀងសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលលោក Brown និយាយថានឹងជួយបន្ថយកម្តៅភាពតានតឹង ប្រសិនបើសម្រេចបាន។ លោក Brown គូសបញ្ជាក់ថា «ខ្ញុំនឹងជជែកជាមួយសមភាគីរបស់ខ្ញុំ ថាតើមានអ្វីខ្លះដែលយើងអាចធ្វើបាន ដើម្បីទប់ស្កាត់នូវការរីករាលដាល ហើយធានាថាយើងកំពុងចាត់វិធានការសម្របទាំងអស់ដើម្បីកុំឱ្យជម្លោះកាន់តែធំ»។
គួរបញ្ជាក់ថា រដ្ឋបាលលោក បៃដិន បាននិងកំពុងស្វែងរកការទប់មិនឱ្យជម្លោះហៀរចេញពីសង្គ្រាមនៅហ្កាហ្សា រវាងក្រុមហាម៉ាស់ និងអ៉ីស្រាអែល ដែលឥឡូវនេះឈានចូលដល់ខែទី ១១ហើយ។ សង្រ្គាមនេះក៏កំពុងបង្កឱ្យមានការប៉ះទង្គិចគ្នានៅព្រំដែនរវាងអ៉ីស្រាអែល និងចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់គឺហេសបូឡា នៅលីបង់ និងបានបង្កឱ្យមានការវាយប្រហារដោយក្រុមហ៊ូទី របស់យេម៉ែន ទៅលើការដឹកជញ្ជូននៅសមុទ្រក្រហម៕