(កៀវ)៖ អភិបាលតំបន់ដូណេត លោក Vadym Filashkin បានឱ្យដឹងថា ការវាយប្រហាររបស់រុស្ស៉ីនៅទីក្រុង Kostiantynivka ភាគខាងកើតអ៊ុយក្រែន បណ្តាលឱ្យជនស៉ីវិល ៥នាក់ស្លាប់ និងរបួស ៥នាក់ផ្សេងទៀត ថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Filashkin និយាយថា ក្រុមសង្គ្រោះ និងប៉ូលិសកំពុងធ្វើការនៅកន្លែងកើតហេតុដែលរងការវាយប្រហារ កាលព្រឹកថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់)។ លោកបានបញ្ជាក់តាមបណ្តាញតេឡេក្រាម ដូច្នេះថា «ខ្ញុំសូមដាស់តឿនដល់ប្រជាជនឱ្យរក្សាសុវត្ថិភាពខ្លួនឯង និងជម្លៀសខ្លួន»។
ទីក្រុង Kostiantynivka ស្ថិតនៅក្បែរសមរភូមិប្រយុទ្ធគ្នានៃតំបន់ដូណេត និងជាទីដែលកងកម្លាំងរុស្ស៉ីសម្រេចបាននូវភាពជឿនលឿនក្នុងរយៈពេលប៉ុន្មានខែមកនេះ។
តំណាលគ្នានឹងភាពជឿនលឿននេះ កងទ័ពរុស្ស៉ីក៏កំពុងបង្កើនការវាយប្រហារឥតឈប់ឈរ ដោយកំណត់គោលដៅលើមជ្ឈមណ្ឌលដឹកជញ្ជូនយុទ្ធសាស្ត្រ Pokrovsk របស់អ៊ុយក្រែនផងដែរ៕