(ឌូបៃ)៖ រុស្ស៉ី និងអ៊ុយក្រែន គ្រោងដោះដូរអ្នកទោសចំនួន ១១៥នាក់នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីមានការចរចាក្រោមការសម្របសម្រួលដោយប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងជាការដោះដូរថ្មីមួយគិតចាប់តាំងពីអ៊ុយក្រែនបើកការវាយលុកចូលទឹកដីរុស្ស៉ី នៅខែសីហានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ ២០២៤។
មន្ត្រីមួយរូបនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ ពីព្រោះតែព័ត៌មានលម្អិតមិនទាន់ត្រូវបានបង្ហាញជាសាធារណៈ។ មន្ត្រីដដែលរូបនេះនិយាយថា ពួកគេមានសមត្ថភាពក្នុងការនិយាយទៅកាន់ភាគីអន្តរជាតិច្រើនមកហើយ នោះមានន័យថាពួកគេអាចសម្រុះសម្រួលការណ៍នេះបាន។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង អេមីរ៉ាត់អារ៉ាប់រួមធ្លាប់សម្រុះសម្រួលឱ្យមានការដោះលែងអ្នកទោសចំនួន ១,៧៨៨នាក់ បូករួមទាំងអ្នកដែលនឹងត្រូវដោះលែងនៅថ្ងៃសៅរ៍នេះផងដែរ។
គួរបញ្ជាក់ថា មិនមានការអត្ថាធិប្បាយពីរុស្ស៉ី និងអ៊ុយក្រែនទេ ជុំវិញដំណឹងនេះ។ ប្រសិនបើវាជាការពិត នោះនឹងក្លាយជាការដោះដូរអ្នកទោសលើកទី ៧រវាងរុស្ស៉ី-អ៊ុយក្រែន ក្រោមការសម្រុះសម្រួលពីអេមីរ៉ាត់អារ៉ាប់រួម៕