(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅសប្ដាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក្រោមក្របខណ្ឌនៃដំណើរទស្សនកិច្ចមួយ ដែលមានគោលដៅរក្សាភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ឱ្យស្ថិតនៅក្រោមការគ្រប់គ្រង ខណៈសហរដ្ឋអាមេរិកនឹង រៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលលោក បៃដិន បានប្រាប់ក្រុមអ្នកសារព័ត៌មានថាលោក Jake Sullivan នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា ហើយលោកនឹងពិភាក្សាការងារលើបញ្ហាជាច្រើន រាប់ចាប់ពីតៃវ៉ាន់ រហូតដល់កិច្ចសន្ទនាយោធាទ្វេភាគី និងវិបត្តិថ្នាំញៀន fentanyl នៅក្នុងសហរដ្ឋអាមេរិក ព្រមទាំង ការគាំទ្ររបស់ចិនដល់ឧស្សាហកម្មយោធារបស់រុស្ស៉ី ក៏ដូចជាភាពតានតឹងនៅសមុទ្រចិនខាងត្បូង កូរ៉េខាងជើង មជ្ឈិមបូព៌ា និងមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា ការប្រកាសពីគម្រោងនៃដំណើរទស្សនកិច្ចរបស់លោក Sullivan ទៅកាន់ប្រទេសចិន កើតមានឡើង ខណៈសហរដ្ឋអាមេរិកកំពុងត្រៀមចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ ដែលជាការប្រកួតរវាងលោកស្រី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ ដែលសុទ្ធតែ សម្លឹងឃើញដូចគ្នាថាការប្រកួតប្រជែងជាមួយចិន គឺជាបញ្ហាគោលនយោបាយការបរទេសមួយដ៏សំខាន់៕