(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី២៤ ខែសីហានេះ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសលើផែនការយុទ្ធសាស្ត្រនុយក្លេអ៊ែរថ្មីមួយដែលត្រូវបានអនុម័ត ដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងឆ្នាំ២០២៤នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការបរទេសកូរ៉េខាងជើង នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ក៏បានបញ្ជាក់ដែរថាកូរ៉េខាងជើងនឹងពង្រឹងយុទ្ធសាស្ត្ររបស់ខ្លួន តាមគ្រប់មធ្យោបាយ ដើម្បីគ្រប់គ្រង និងលុបបំបាត់រាល់បញ្ហាប្រឈមសន្តិសុខ ដែលអាចនឹងកើតចេញពីការកែប្រែជំហរនុយក្លេអ៊ែរដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក ព្រមទាំង នឹងធ្វើការឆ្លើយតបដាច់ខាតទៅនឹងរាល់ការគំរាមកំហែងនុយក្លេអ៊ែរទាំងឡាយ។
គួរបញ្ជាក់ថា ប្រតិកម្មថ្កោលទោសរបស់កូរ៉េខាងជើង កើតមានឡើងក្រោយសេតវិមានកាលពីថ្ងៃអង្គារកន្លងទៅនេះ បាននិយាយថាផែនការយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់អាមេរិក គឺមិនមែនជាការឆ្លើយតបទៅនឹងប្រទេស ឬការគំរាមកំហែងតែមួយគត់នោះទេ បន្ទាប់ពីកាសែត New York Times រាយការណ៍ថាផែនការនេះមានទិសដៅជាយុទ្ធសាស្ត្រ កំញើញផ្តោតលើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន។
ចិនវិញកាលពីថ្ងៃពុធសប្ដាហ៍នេះបានបង្ហាញការព្រួយបារម្ភដូចគ្នាចំពោះសេចក្ដីរាយការណ៍របស់ New York Times ដែលបានបញ្ជាក់ដែរថាផែនការយុទ្ធសាស្ត្រនុយក្លេអ៊ែរថ្មី របស់សហរដ្ឋអាមេរិក ក៏មានគោលដៅទប់ទល់នឹងបញ្ហាប្រឈមនុយក្លេអ៊ែរ ក្នុងករណីមានការរួមដៃគ្នារវាងចិន រុស្ស៉ី និងកូរ៉េខាងជើង ផងដែរ៕