(ឡាអេ)៖ រដ្ឋអាជ្ញារបស់តុលារការព្រហ្មទណ្ឌអន្តរជាតិ ICC បានសង្កត់ធ្ងន់ថាតុលាការមានយុត្តាធិកា ដើម្បីបើកការស៊ើបអង្កេតលើជនជាតិអ៉ីស្រាអែល និងបានស្នើឱ្យចៅក្រមសម្រេចចិត្ត ជាបន្ទាន់លើដីកាចាប់ខ្លួនសម្រាប់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant រួមទាំងមេដឹកនាំហាម៉ាស។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋអាជ្ញា ICC លោក Karim Khan កាលពីថ្ងៃសុក្រ ទី២៣ ខែសីហា បាននិយាយថាចៅក្រមនៃតុលាការអន្តរជាតិមួយនេះគួរតែធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងដីកាចាប់ខ្លួនប្រឆាំង មេដឹកនាំអ៉ីស្រាអែល និងហាម៉ាស ដោយមិនត្រូវពន្យារពេលទៀតនោះទេ។ តាមរដ្ឋអាជ្ញារូបនេះ តុលាការ ICC មានយុត្តាធិកាស៊ើបអង្កេតលើជនជាតិអីស្រាអែល ដែលប្រព្រឹត្តបទឧក្រិដ្ឋ ឃោរឃៅនៅក្នុងទឹកដីប៉ាឡេស្ទីន និងបានស្នើឱ្យចៅក្រមច្រានចោលការតវ៉ាតាមផ្លូវច្បាប់ដើម្បីការពារអ៉ីស្រាអែល ពីសំណាក់ប្រទេសមួយចំនួន។ លោក Karim Khan បានបន្ថែមទៀតថា ការពន្យារពេលលើការចេញដីកាចាប់ខ្លួន នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់ជនរងគ្រោះ។
គួរបញ្ជាក់ថា បើតាមរដ្ឋអាជ្ញា ICC លោក Karim Khan វាមានហេតុផលគ្រប់គ្រាន់ដែលអាចបញ្ជាក់បានថាលោក Netanyahu និងលោក Gallant ព្រមទាំងមេដឹកនាំហាម៉ាស លោក Yahya Sinwar ប្រមុខយោធាហាម៉ាស Mohammed Deif និងមេដឹកនាំនយោបាយហាម៉ាស លោក Ismail Haniyeh គឺជាអ្នកទទួលខុសត្រូវក្រោមបទចោទប្រកាន់ប្រព្រឹត្តឧក្រិដ្ឋកម្ម សង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ប៉ុន្តែ លោក Ismail Haniyeh ត្រូវបានសម្លាប់នៅទីក្រុងតេហេរ៉ង់ កាលពីខែកក្កដា ខណៈអ៉ីស្រាអែលអះអាងថាលោក Mohammed Deif ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្កាហ្សា។ តែខាងហាម៉ាសមិនបានបដិសេធ ហើយក៏មិនបានទទួលស្គាល់ថាតើលោក Mohammed Deif ពិតជាត្រូវបានសម្លាប់ មែនដែរឬក៏យ៉ាងណានោះទេ៕