(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសុក្រ ទី២៣ ខែសីហា ជាមួយ ការប្រកាសពីការផ្ដល់កញ្ចប់ជំនួយយោធាថ្មី នៅមុនថ្ងៃបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែន នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលបានពិភាក្សាជាមួយសមភាគីអ៊ុយក្រែនរបស់លោក កាលពីថ្ងៃសុក្រផងនោះ ក៏បានឱ្យដឹងនៅលើបណ្ដាញទំនាក់ទំនងសង្គម ដែរថាកញ្ចប់ជំនួយយោធាថ្មីខាងលើមានទំហំទឹកប្រាក់ ១២៥លានដុល្លារ។ ចំណែកឯ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ហ្សេលេនស្គី លោក បៃដិនបានអះអាងឡើងវិញពី ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ដែលសេតវិមានហៅថាជាការគំាទ្រឥតងាករេសម្រាប់អ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។
សេតវិមាន ក៏បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែរថាកញ្ចប់ជំនួយយោធាថ្មីនេះក្នុងនោះរួមមានទាំងប្រព័ន្ធការពារដែនអាកាស អាវុធប្រឆាំងដ្រូន មីស៊ីលប្រឆាំងរថក្រោះ និងគ្រាប់រំសេវជាដើម។ សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែនច្រើនជាង ៥០ពាន់លានដុល្លារហើយ គិតចាប់តាំងពីឆ្នាំ២០២២មក។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រនោះដែរ សហរដ្ឋអាមេរិកក៏បានប្រកាសការដាក់ទណ្ឌកម្មបន្ថែមលើអង្គភាពជាង៤០០ និងបុគ្គលជាច្រើននាក់ដែលត្រូវបានចោទប្រកាន់ថាបានគាំទ្រដល់ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ក្នុងនោះរួមមានទាំងក្រុមហ៊ុនចិនដែលក្រុមមន្ត្រីអាមេរិកជឿថាកំពុងជួយគាំទ្រទីក្រុងមូស្គូ គេចពីទណ្ឌកម្ម និងផលិតបរិក្ខារយោធា៕