(SOLINGEN, អាល្លឺម៉ង់)៖ មនុស្ស៣នាក់ ត្រូវបានសម្លាប់ និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ នៅក្នុងការវាយប្រហារដោយកាំបិត នៅឯពិធីបុណ្យមួយ កាលពីយប់ថ្ងៃសុក្រ ទី២៣ ខែសីហា ក្នុងទីក្រុង Solingen ភាគខាងលិចប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប៉ូលិសអាល្លឺម៉ង់ បានឱ្យដឹងថាការវាយប្រហារដោយកាំបិតខាងលើបានកើតឡើងនៅម៉ោងប្រហែលជា១០យប់ ដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានវាយប្រហារលើ មនុស្សជាច្រើននាក់ អំឡុងការប្រារព្ធពិធីបុណ្យមួយដើម្បីរំលឹកខួបលើកទី៦៥០ នៃទីក្រុង Solingen។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ខ្មាន់កាំបិតបានចាក់ មនុស្សជាច្រើននាក់ដោយមិនរើសមុខ ហើយបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ខណៈប៉ូលិសអាល្លឺម៉ង់ បានបើកប្រតិបត្តិការដើម្បីតាមចាប់ខ្លួនជនសង្ស័យ។
គួរបញ្ជាក់ថា កាលពីខែមិថុនាកន្លងទៅ ប៉ូលិសម្នាក់អាយុ ២៩ឆ្នាំ បានស្លាប់ ក្រោយត្រូវបានគេចាក់នៅក្នុងទីក្រុង Mannheim អំឡុងការវាយប្រហារមួយលើក្រុមបាតុករ ស្ដាំនិយម ហើយកាលពីឆ្នាំ២០២១ ក៏មានហេតុការណ៍ចាក់មនុស្សជាច្រើននាក់ឱ្យរងរបួសនៅលើរថភ្លើងមួយផងដែរ។ ការវាយប្រហារដោយកាំបិតទាំងនេះបានជំរុញឱ្យ រដ្ឋាភិបាលអាល្លឺម៉ង់ពិចារណារឹតបន្តឹងច្បាប់ពាក់ព័ន្ធនឹងការកាន់កាប់កាំបិតនៅតាមទីសាធារណៈ៕