(បាងកក)៖ នៅក្នុងប្រទេសថៃ ការប្រមាថ ឬការគំរាមកំហែងព្រះមហាក្សត្រ Maha Vajiralongkorn និងសែរាជវង្សរបស់ព្រះអង្គ នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោស យ៉ាងធ្ងន់ធ្ងរ នៅក្រោមច្បាប់​ការពារព្រះចេ​ស្ដា​ព្រះមហាក្សត្រ​ (lese majeste law)។ តែព្រមពេលជាមួយគ្នា ច្បាប់នេះត្រូវបានអ្នកនយោបាយប្រឆាំងថៃ ចោទថាកំពុងត្រូវ បានប្រើប្រាស់បម្រើឱ្យផលប្រយោជន៍សម្រាប់ក្រុមអ្នកអភិរក្សនិយមស្និទ្ធនឹងយោធាថៃ។ តួយ៉ាង អតីតគណបក្ស Move Forward ដែលបានដាក់ផែនការធ្វើកំណែទម្រង់ ច្បាប់ដ៏តឹងរ៉ឹងនេះជាគោលនយោបាយរបស់ខ្លួនអំឡុងការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០២៣ ត្រូវបានរំលាយចោល កាលពីថ្ងៃទី៧ ខែសីហា រីឯអតីតមេដឹកនាំបក្ស គឺលោក Pita Limjaroenrat ត្រូវបានហាមមិនឱ្យធ្វើនយោបាយ១០ឆ្នាំ។

ការរំលាយគណបក្ស Move Forward វាប្រៀបបានដូចជាការដកបន្លារចេញពីទ្រូងក្រុមអ្នកនយោបាយអភិរក្សនិយមដែលកំពុងស្ថិតនៅក្នុងក្រុមចម្រុះជាមួយគណបក្សភឿថៃ គាំទ្រដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន យ៉ាងហោចណាស់ក្នុងពេលបច្ចុប្បន្ន។ ក្រុមអ្នកតំណាងរាស្ត្រមកពីអតីតគណបក្ស Move Forward បានបង្កើតគណបក្សថ្មី ឈ្មោះថាប្រជាជន ហើយក៏បានសន្យាដែរថានឹងបន្តរក្សានូវគោលនយោបាយ និងរបៀបវារៈកំណែទម្រង់របស់ខ្លួន ក្នុងនោះរួមមានទាំងការជំរុញឱ្យមានការធ្វើកំណែទម្រង់ច្បាប់ ការពារព្រះចេស្ដាស្ដេចថៃ។ ប៉ុន្តែ គ្រប់ជំហានដែលពួកគេដើរ ត្រូវប្រុងប្រយ័ត្នជានិច្ច នៅក្នុងបរិយាកាសច្បាប់ដែលតុលាការធម្មនុញ្ញអាចនឹងធ្វើអន្តរាគមន៍គ្រប់ពេលវេលា។

* តើច្បាប់ការពារព្រះចេស្ដាស្ដេចថៃ ចែងដូចម្ដេចខ្លះ?
ច្បាប់ការពារព្រះចេស្ដាស្ដេចថៃ មានចែងក្នុងមាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃ។ នៅក្រោមច្បាប់ដ៏តឹងរ៉ឹនេះ អ្នកដែលល្មើសហ៊ានប្រមាថ រិះគន់ ឬគំរាមគកំហែងព្រះមហាក្សត្រ និងសែរាជវង្ស អាចនឹងប្រឈមមុខជាប់ពន្ធនាគារពី៣ ទៅ១៥ឆ្នាំ ក្នុងមួយបទចោទ។ ច្បាប់ការពារព្រះមហាក្សត្រថៃបានក្លាយជាផ្នែកមួយនៃក្រមព្រហ្មទណ្ឌថៃ ចាប់តាំងពីស.វ ទី១៩ មកម្ល៉េះ អំឡុងរាជ្យគ្រប់គ្រងរបស់ព្រះបាទរាមាទី១ (Rama I) របស់សៀម ដែលក្រោយមកប្ដូរមកថៃ។

* តើរាជវង្សថៃមានតួនាទីអ្វី នៅក្នុងប្រទេសថៃ?
សៀម ឬថៃត្រូវបានគ្រប់គ្រងដោយស្ដេច ដែលកាន់អំណាចផ្ដាច់ការអស់រយៈច្រើនស.វ រហូតដល់ឆ្នាំ១៩៣២ ជាពេលមានការធ្វើបដិវត្តន៍ដ៏បង្ហូរឈាមដែលបានកែប្រែប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ មកជារបបរាជនិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងមានព្រះមហាក្សត្រជា «ប្រមុខរដ្ឋ»។ ចាប់តាំងពីពេលនោះមក រដ្ឋធម្មនុញ្ញថៃគ្រប់ជំនាន់បានចែង កំណត់របបរាជានិយមជាស្ថាប័នដ៏ពិសិដ្ឋ និងមិនអាចបំពានបាន។ បន្ថែមពីលើនេះ រដ្ឋធម្មនុញ្ញថៃសព្វថ្ងៃដែលត្រូវបានតាក់តែងឡើង ក្រោយរដ្ឋប្រហារក្នុងឆ្នាំ២០១៤ ក៏បានចែង ដែរថា «ព្រះមហាក្សត្រឡើងគ្រងរាជសម្បត្តិជាមួយមុខតំណែងគួរជាទីគោរពសក្ការៈ និងមិនអាចត្រូវបានបំពានដាច់ខាត»។ ព្រះមហាក្សត្រថៃសព្វថ្ងៃមានព្រះនាម Maha Vajiralongkorn ឬ Rama X នៃរជ្ជកាលចក្រី (Chakri)។

* ​តើនរណាចង់រក្សាច្បាប់នេះឱ្យនៅដដែល?
ក្រុមឧត្តមសេនីយ៍ ចៅក្រម និងអ្នកនយោបាយអភិរក្សនិយមស្និទ្ធនឹងយោធាមានភក្ដីភាពចំពោះព្រះមហាក្សត្រថៃ បានប្រឆាំងដាច់ខាតទៅនឹងរាល់ការប៉ុនប៉ងធ្វើកំណែទម្រង់ច្បាប់​ការពារព្រះចេ​ស្ដា​ព្រះមហាក្សត្រ​។ ពួកគេយល់ថាព្រះមហាក្សត្រ និងរបបរាជានិយមត្រូវតែស្ថិតនៅក្រោមការការពារគ្រប់កាលៈទេសទាំងអស់ ទោះជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ព្រោះជាបញ្ហាសន្តិសុខជាតិ។ ក្រុមអ្នកនយោបាយថៃដែលគាំទ្រច្បាប់នេះបាននិយាយថាការដាក់ទោសធ្ងន់ធ្ងរលើអ្នកល្មើសនៅក្រោមច្បាប់ការពារព្រះចេ​ស្ដា​ គឺជារឿងសក្តិសមបំផុត ក្នុងការការពារឋានៈដ៏ពិសិដ្ឋរបស់ព្រះមហាក្សត្រនៅក្នុង​សង្គមថៃ ហើយថាការបន្ធូរបន្ថយទោសអាចនឹងបំផ្លាញភាពមិនអាចបំពានបានរបស់ព្រះអង្គ ដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញ។

គួរបញ្ជាក់ថា ក្នុងពេលរារាំងការតែងតាំងលោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០២៣ ក្រុមអ្នកតំណាងរាស្ត្រអភិរក្សនិយមមួយចំនួនថែមទាំងព្រលយទៀតផងថា ការធ្វើវិសោធនកម្មច្បាប់ការពារព្រះចេ​ស្ដា​ព្រះមហាក្សត្រ នឹងបង្កឱ្យមានភាពវឹកវរក្នុងសង្គមថៃ និងអាចឈានទៅដល់ការកាប់សម្លាប់គ្នាទៅវិញទៅមករវាងប្រជាជនថៃ។ ប៉ុន្តែ លោក Pita ធ្លាប់បានអះអាងថាលោកមិនមានគោលបំណងធ្វើឱ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រនោះទេ ប៉ុន្តែគ្រាន់តែធ្វើឱ្យទំនាក់ទំនងរបស់របបរាជានិយម មានភាពល្អប្រសើរជាមួយ ប្រជាជនថៃ តែប៉ុណ្ណោះ៕