(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបន្ថែមក្រុមហ៊ុនចំនួន ១២៣ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ ដែលត្រូវបានគេស្គាល់ថាជា «បញ្ជីអង្គភាព» ដែលក្នុងនោះរួមមានក្រុមហ៊ុនចិនចំនួន ៤២ និងក្រុមហ៊ុនរុស្ស៊ីចំនួន ៦៣។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលបានបោះពុម្ពផ្សាយនៅក្នុង Federal Register នៅថ្ងៃសុក្រនេះ ចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការដាក់បញ្ចូលក្នុងបញ្ជីនេះ នឹងបង្ខំឱ្យក្រុមហ៊ុនអាមេរិកទាំងអស់ត្រូវតែទទួលបានអាជ្ញាបណ្ណដែលពិបាកទទួលបាន មុនពេលអាចនាំចេញទំនិញទៅកាន់ក្រុមហ៊ុនទាំងនោះ។ វិធានការនេះត្រូវបានប្រើប្រាស់ជាញឹកញាប់ ដោយរដ្ឋាភិបាលអាមេរិក ដើម្បីដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងក្រុមហ៊ុនបច្ចេកវិទ្យាចិនដែលជំរុញការអភិវឌ្ឍដោយយោធាចិន៕