(ប៉េកាំង)៖ ខេត្ត Henan មានទីតាំងស្ថិតនៅតំបន់ទំនាបកណ្តាលប្រទេសចិន គឺជាកន្លែងកំណើតដ៏សំខាន់នៃអរិយធម៌ចិន។ទីនេះធ្លាប់ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌នៃប្រទេសចិនបុរាណ។ អរិយធម៌ចិនក៏បានរីកដុះដាល ទៅគ្រប់ទិសទីនៃប្រទេសចិន ហើយត្រូវបានផ្សព្វផ្សាយទៅគ្រប់ទីកន្លែងនៃពិភពលោក។

លោកXi Jinpingប្រធានរដ្ឋចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារបុរាណវិទ្យា។ លោកបានសង្កត់ធ្ងន់ថា ត្រូវតែអនុវត្តគម្រោងធំៗដូចជា “ការស្រាវជ្រាវចម្រុះលើប្រភពដើម និងការអភិវឌ្ឍដំបូងនៃអរិយធម៌ចិន” និង “បុរាណវិទ្យានៃប្រទេសចិន” ដើម្បីធ្វើការសិក្សាស្រាវជ្រាវនិងបកស្រាយ អំពីប្រភពដើមនៃអរិយធម៌ចិនឱ្យបានល្អ។

សន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃគម្រោងរុករក ប្រភពអរិយធម៌ចិន ដែលបានធ្វើឡើងនៅក្នុងខែឧសភា ឆ្នាំ២០១៨បានបង្ហាញថា វប្បធម៌ Erlitou ដែលមានទីសំណល់ Erlitou ជាតំណាងគឺជាស្នូលនិងជាអ្នកដឹកនាំ នៃដំណើរការទាំងមូលនៃអរិយធម៌ចិន ដោយបានត្រួសត្រាយចេញនូវអរិយធម៌រាជវង្ស Xia Shang និងZhou។

រាជវង្ស Xia គឺជារាជវង្សដំបូងគេបង្អស់បានកត់ត្រា នៅក្នុងឯកសារចិនបុរាណ ការបង្កើតរាជវង្ស Xiaបានចាក់គ្រឹះមូលដ្ឋាន នៃអរិយធម៌ចិន។ ទីសំណល់ Erlitou ដែលត្រូវបានរកឃើញនៅក្នុងសង្កាត់ Yanshi ក្រុង Luoyang ខេត្ត Henan ដែលជាទីសំណល់នៃរាជធានីនៃរាជវង្ស Xia ក្នុងមជ្ឈដ្ឋានបុរាណវិទ្យា ពួកវាក៏ត្រូវបានបញ្ញវន្តដាក់ងារថាជា “ចិនដំបូងបំផុត”។

ចាប់តាំងពីរកឃើញនៅឆ្នាំ១៩៥៩មក ផ្ទៃដីសរុបដែលត្រូវបានជីកកកាយនៅទីសំណល់ Erlitou លើសពី៤០,០០០ម៉ែត្រការ៉េ ហើយវត្ថុបុរាណវប្បធម៌រាប់ម៉ឺនដុ ត្រូវបានរកឃើញនៅទីនេះ។មិនថាវាជាប្រព័ន្ធផ្លូវទីក្រុងដំបូងបំផុត នៅក្នុងប្រទេសចិន ដែលគេស្គាល់រហូតមកដល់សព្វថ្ងៃ ឬបណ្ដុំសំណង់ដំណាក់រាជវង្សដំបូងបំផុត ឬក្រុមវត្ថុសំរិទ្ធដំបូងបំផុតនិងកន្លែងបូជាជាតិ ដំបូងបំផុត...ទីសំណល់ Erlitou មានសារៈសំខាន់ និងគុណតម្លៃលើសលប់ចំពោះ “តើប្រទេសចិនមកពីណា”។

នៅខែតុលា ឆ្នាំ២០១៩ សារមន្ទីរទីសំណល់រាជធានីរជ្ជកាល Xia Erlitou ត្រូវបានសាងសង់រួចនិងបើកជាសាធារណៈ។សព្វថ្ងៃនេះ សារមន្ទីរទីសំណល់រាជធានីរជ្ជកាល Xia Erlitou បានក្លាយជាតំបន់គំរូសម្រាប់ការការពារ បង្ហាញនិងប្រើប្រាស់ នៃទីសំណល់ ទ្រង់ទ្រាយធំទូទាំងប្រទេសចិន មជ្ឈមណ្ឌលស្រាវជ្រាវនិងតាំងពិពណ៌ស្តីពីការបង្កើត និងអភិវឌ្ឍន៍ជាតិរបស់ ប្រទេសចិនដំបូង និងជាមូលដ្ឋានស្រាវជ្រាវ និងតាំងបង្ហាញអំពីគម្រោងស្រាវជ្រាវ ពីរាជវង្ស Xia Shang និងZhouនិងគម្រោងរុករកពីប្រភពនៃអរិយធម៌ចិន។

ដូចដែលលោកXi Jinpingបានមានប្រសាសន៍ នៅពេលចូលរួមពិធីសំណេះសំណាល ស្តីពីការបន្តវេនវប្បធម៌និងការអភិវឌ្ឍថា “ប្រសិនបើយើងមិនយល់ដឹងពីប្រទេសចិន ចាប់ពីការបន្តប្រវត្តិសាស្ត្រដ៏វែងអន្លាយ នោះនឹងមិនអាចយល់បានពី ប្រទេសចិនបុរាណ ចិនទំនើប និងចិនអនាគតបានឡើយ”៕

វិទ្យុមិត្តភាពកម្ពុជាចិន