(ញូវដេលី)៖ អាជ្ញាធរនិយាយថា នៅ​ថ្ងៃ​សុក្រនេះ ក្រុមទាហានបានជួយសង្រ្គោះប្រជាជនទៅកាន់​ទី​សុវត្ថិភាព ​នៅក្នុង​រដ្ឋ Tripura ភាគ​ឦសាន​នៃប្រទេស​ឥណ្ឌា បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់ និង​ការ​រអិលបាក់ដី ដែលបង្ខំឱ្យមនុស្សជាង ៦៥,០០០នាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈដែលមនុស្សចំនួន ២៣នាក់បានស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ ២០២៤។

រូបភាពពីទូរស្សន៍បង្ហាញឱ្យឃើញនូវបុគ្គលិកកងទ័ព កំពុងបញ្ជាទូកសង្គ្រោះ ខណៈដែលរថយន្តធុនតូច និងរថយន្តក្រុង ជាប់កកកុញនៅតាមផ្លូវដែលលិចលង់ដោយទឹកត្រឹមជង្គង់។ មន្ត្រី​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​និយាយ​ថា ភ្លៀង​ធ្លាក់​មិន​ឈប់ឈរ ៤ថ្ងៃមកនេះ ​ធ្វើ​ឲ្យ​ទឹក​ទន្លេ​ឡើង​កាន់តែខ្លាំង។ បើតាមក្រុមមន្ត្រីអ្នកផ្លាស់ទីលំនៅ បានប្រមូលផ្តុំគ្នានៅក្នុងជំរំចំនួន ៤៥០កន្លែង។ មនុស្សសរុបប្រហែល ១.៧លាននាក់បានរងផលប៉ះពាល់ ជាមួយនិងការខូចខាតធ្ងន់ធ្ងរចំពោះហេដ្ឋារចនាសម្ព័ន្ធ ដំណាំ និងសត្វចិញ្ចឹម។ រីឯអ្នកស្លាប់ភាគច្រើនគឺបណ្តាលមកពីបំណាក់ដី ហើយខ្លះទៀតលង់ទឹក។

គួរបញ្ជាក់ថា ក្រៅពីឥណ្ឌា ប្រទេសជិតខាងគឺបង់ក្លាដែសឯណោះវិញ ការធ្លាយទំនប់ទឹក Gomti ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ បណ្តាលឱ្យ​ជន់​លិច​ភូមិ​ចំនួន ១៥ និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​រយ​គ្រួសារ​ត្រូវបាន​ជម្លៀស​ចេញ។ នៅរដ្ឋធានី Dhaka ប្រជាជនចោទប្រកាន់ថា ទឹកជំនន់បណ្តាលមកពីការបើកទ្វារទឹកទំនប់នៅឥណ្ឌា ខណៈដែលឥណ្ឌាបានបដិសេធ៕