(តៃប៉ិ)៖ មេដឹកនាំ លោក Lai Ching-te បាននិយាយនៅថ្ងៃសុក្រ ទី២៣ ខែសីហានេះថា តៃវ៉ាន់ចង់បន្តរបៀបរស់នៅដោយសេរីរបស់ខ្លួន ហើយជំទាស់ទៅនឹងបំណងរបស់ចិនដែលចង់គ្រប់គ្រងតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
ការអត្ថាធិប្បាយរបស់លោក Lai ធ្វើឡើងនៅពេលលោកចុះទៅកាន់កោះ Kinmen និងកោះ Matsu ដែលនៅទល់មុខនឹ ងប្រទេសចិន ហើយដែលត្រូវបានកត់សម្គាល់ថាជាសមរភូមិដ៏សំខាន់ ករណីចិនប្រើកម្លាំងយោធាដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់។ ក្នុងដំណើរទស្សនកិច្ចលើកដំបូង បន្ទាប់ពីឡើងកាន់តំណែង លោក Lai បានដាក់កម្រងផ្កា និងសម្តែងការគោរព នៅឯឧទ្យានរំលឹកខួបលើកទី ៦៦នៃការប៉ះទង្គិចគ្នាជាមួយកងកម្លាំងចិន ដែលគេស្គាល់ថាជាពេលចាប់ផ្តើម នៃវិបត្តិច្រកសមុទ្រតៃវ៉ាន់ លើកទីពីរ។ លោក Lai គូសបញ្ជាក់ថា «តៃវ៉ាន់ត្រូវតែទប់ទល់នឹងការគំរាមកំហែងរបស់ចិន។ គោលបំណងរបស់យើង គឺសង្ឃឹមថានឹងមានការអភិវឌ្ឍប្រកបដោយសន្តិភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ តៃវ៉ាន់បន្តពង្រឹង និងចំណាយបន្ថែមទៀតលើវិស័យយោធា ហើយនឹងការពារអធិបតេយ្យរបស់ខ្លួន»។
គួរបញ្ជាក់ថា Kinmen ស្ថិតនៅចម្ងាយតិចជាង ២គីឡូម៉ែត្រប៉ុណ្ណោះ ពីប្រទេសចិន។ វិបត្តិឆ្នាំ ១៩៥៨ គឺជាលើកចុងក្រោយ ដែលកងកម្លាំងតៃវ៉ាន់ប្រយុទ្ធគ្នាជាមួយកងកម្លាំងចិន ក្នុងទ្រង់ទ្រាយធំ ដោយនៅក្នុងខែសីហា ឆ្នាំនោះ កងកម្លាំងចិន បានទម្លាក់គ្រាប់បែករយៈពេលជាង ១ខែលើកោះ Kinmen និងកោះ Matsu រួមទាំងបើកសមរភូមិជើងទឹក និងតាមផ្លូវអាកាស។ បច្ចុប្បន្ន Kinmen ជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ទោះបីជាតៃវ៉ាន់រក្សាវត្តមានយោធាសំខាន់ៗ នៅទីនោះក៏ដោយ៕