(ម៉ានីល)៖ ប៉ូលិសហ្វីលីពីន បានឆ្មក់ចូលបង្រ្កាបមជ្ឈមណ្ឌលមួយគ្រប់គ្រងដោយជនជាតិចិន នៅក្នុងរដ្ឋធានីម៉ានីល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយចាប់ខ្លួនបុគ្គលិកជនជាតិហ្វីលីពីន និងបរទេសជាច្រើននាក់ ហើយចោទប្រកាន់ពួកគេថា បានឆបោកអ្នកដទៃ តាមរយៈការវិនិយោគ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ ២០២៤។
ប៉ូលិសនិយាយថា មជ្ឈមណ្ឌលនេះធ្វើប្រតិបត្តិការក្រោមស្លាកក្រុមហ៊ុនហ្គេមអនឡាញ ដែលលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បានណែនាំឱ្យបិទការរកស៉ីណា ដែលមានលក្ខណៈឆបោក ចាប់ជំរិត ជួញដូរមនុស្ស និងឃាតកម្ម។ ក្នុងចំណោមជនបរទេស ៦៧នាក់ដែលត្រូវចាប់ខ្លួន មាន ៥៨នាក់ជាជនជាតិចិន និងជនជាតិម៉ាឡេស៉ី មីយ៉ាន់ម៉ា ឥណ្ឌូណេស៉ី វៀតណាម និងហ្វីលីពីនចំនួន ៣២នាក់។ តាមសេចក្តីថ្លែងកាណ៍របស់ប៉ូលិស ម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងដែលបានបង្រ្កាបនេះ គឺជាជនជាតិចិន ហើយស្ថិតក្នុងចំណោមអ្នកចាប់ខ្លួនបាន។ មជ្ឈមណ្ឌលនេះកំពុងដំណើរការបោកប្រាស់ ក្រោមរូបភាព នៃវិនិយោគរូបិយប័ណ្ណគ្រីបតូ និងឆបោកដោយស្នេហាផង។ បុគ្គលិកពួកគេបន្លំធ្វើជាអ្នកមានលុយ អូសទាញជនរងគ្រោះឱ្យ មកចូលរួមវិនិយោគ និងឆបោកតាមអនឡាញ។
គួរបញ្ជាក់ថា លោក Marcos បានចេញបម្រាមលើប្រតិបត្តិករលេងល្បែងអនឡាញ បន្ទាប់ពីមានការតវ៉ាជាសាធារណៈ ជុំវិញការចោទប្រកាន់ថា អភិបាលស្រុកម្នាក់ជាប់ពាក់ព័ន្ធជាមួយ ទីតាំងឆបោកតាមអនឡាញដ៏ធំមួយ នៅឯភាគខាងជើង ទីក្រុងម៉ានីល៕