(ហ្កាបូរ៉ូន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហ៊ុនរុករករ៉ែ Lucara Diamond Corp របស់កាណាដា បានប្រកាសឱ្យដឹងថា ដុំពេជ្រមួយទំហំរហូតដល់២,៤៩២ការ៉ាត់ ដែលធំបំផុតលំដាប់ទី២ នៅលើពិភពលោក ត្រូវបានរកឃើញ នៅក្នុងប្រទេសបុតស្វាណា នៃទ្វីបអាហ្រ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤។

យោងតាមក្រុមហ៊ុន Lucara ដុំពេជ្រខាងលើ ត្រូវបានរកឃើញ នៅអណ្តូងរ៉ែរុករកពេជ្រ Karowe Diamond Mine នៃតំបន់​ភាគឦសានបុតស្វាណា តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាកាំរស្មីអ៉ិច ឬ X-ray។ ក្រុមហ៊ុន Lucara មិនបានបញ្ជាក់អំពីតម្លៃនៃដុំពេជ្រនោះ ឬមួយក៏កម្រិតគុណភាពរបស់វាឡើយ ប៉ុន្តែបើគិតពីទំហំការ៉ាត់ វាជាដុំពេជ្រធំជាងគេបង្អស់ លំដាប់ទី២ បន្ទាប់ពីដុំពេជ្រឈ្មោះ Cullinan ដែលមានទំហំ៣,០១៦ការ៉ាត់ និងត្រូវបានរកឃើញ នៅប្រទេសអាហ្រ្វិកខាងត្បូង កាលពីឆ្នាំ១៩០៥។

គួរបញ្ជាក់ថា បុតស្វាណា គឺជាប្រទេសធំបំផុតមួយ នៅលើពិភពលោក ខាងផលិតពេជ្រ ដែលជាប្រភពចំណូលចម្បងរបស់ខ្លួន ហើយរ៉ាប់រងប្រមាណ៣០ភាគរយ នៃ GDP និង៨០ភាគរយ នៃការនាំចេញរបស់ប្រទេសអាហ្រិកមួយនេះ។ មុនការរកឃើញ​ដុំពេជ្រខាងលើ ដុំពេជ្រធំបំផុត ដែលត្រូវបានរកឃើញកន្លងមក នៅបុតស្វាណា គឺដុំពេជ្រមួយមានទំហំ១,៧៥៨ការ៉ាត់ ដែលរកឃើញ​ដោយក្រុមហ៊ុន Lucara នៅអណ្តូងរ៉ែ Karowe កាលពីឆ្នាំ២០១៩ មានឈ្មោះថា Sewelo។ រីឯកាលពីឆ្នាំ២០២១ ក្រុមហ៊ុន Lucara ក៏បានរកឃើញផងដែរ នូវដុំពេជ្រទំហំ ១,១៧៤ការ៉ាត់ នៅបុតស្វាណា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា X-ray៕