(ឌូបៃ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មន្រ្តីអេមីរ៉ាតអារ៉ាប់រួម (UAE) បានឱ្យដឹងថា ប្រទេសឈូងសមុទ្រពែរ្សមួយនេះ បានទទួលយកសារតាំងរបស់មន្រ្តីការទូតមួយរូប ដែលត្រូវបានក្រុមតាលីបង់តែងតាំងជា ឯកអគ្គរដ្ឋទូតរបស់អាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤។
ក្រុមមន្រ្តីការទូតតាលីបង់ បានគ្រប់គ្រងស្ថានទូតរបស់អាហ្វហ្កានីស្ថាន នៅទីក្រុង Abu Dhabi ព្រមទាំងស្ថានកុងស៊ុលនៅទីក្រុង Dubai យ៉ាងហោចតាំងពីឆ្នាំមុនមក ប៉ុន្តែដោយមិនមានការទទួលស្គាល់ជាផ្លូវការ ក្នុងនាមជាក្រុមមន្រ្តីទូតអាហ្វហ្កានីស្ថានឡើយ។ មន្រ្តី UAE ខាងលើ បានប្រាប់ Reuters ថា ការទទួលយកសារតាំងនេះ គូសបញ្ជាក់ជាថ្មី នូវការតាំងចិត្តរបស់អេមីរ៉ាតអារ៉ាប់រួម ក្នុងការកសាងមធ្យោបាយទំនាក់ទំនង ហើយជួយប្រជាជនអាហ្វហ្កានីស្ថាន រួមមានទាំងតាមរយៈការអភិវឌ្ឍ និងគម្រោងផ្សេងៗ។
គួរបញ្ជាក់ថា ចាប់តាំងពីក្រុមតាលីបង់ បានវិលត្រឡប់មកកាន់អំណាចសាជាថ្មី នៅប្រទេសអាហ្វហ្កានីស្ថាន កាលពីខែសីហា ឆ្នាំ២០២១ គឺមិនទាន់មានប្រទេសណាមួយ ទទួលស្គាល់ រដ្ឋាភិបាលតាលីបង់ជាផ្លូវការ នៅឡើយទេ។ UAE គឺជាប្រទេសទីពីរ ដែលបានទទួលស្គាល់សារតាំងមន្រ្តីតាលីបង់ ជាឯកអគ្គរដ្ឋទូតអាហ្វហ្កានីស្ថាន ខណៈប្រទេសដំបូងគេ ដែលបានធ្វើយ៉ាងដូច្នោះ គឺចិន៕