(ហ្សាការតា)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មនុស្សខ្ទង់ពាន់នាក់បាននាំគ្នាចេញធ្វើបាតុកម្មតវ៉ា នៅតាមទីក្រុងនានា នៃប្រទេសឥណ្ឌូណេស៉ី ដើម្បីប្រឆាំងការប៉ុនប៉ងធ្វើវិសោធនកម្មច្បាប់បោះឆ្នោត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤។
សភាឥណ្ឌូណេស៉ីកាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចផ្អាកការផ្តល់សត្យាប័ន ចំពោះការកែសម្រួលច្បាប់បោះឆ្នោត ស្របពេលដែលក្រុមបាតុករបានព្យាយាមសម្រុកចូលបរិវេណសភា នៅក្នុងទីក្រុងហ្សាការតា បន្ទាប់ពីមានការរិះគន់និងក្តីបារម្ភថា ការធ្វើវិសោធនកម្មនោះ ត្រូវបានមើលឃើញជា មធ្យោបាយដើម្បីពង្រឹងឥទ្ធិពលនយោបាយ របស់ប្រធានាធិបតីចប់អាណត្តិ លោក Joko Widodo។
កងកម្លាំងប៉ូលិសឥណ្ឌូណេស៉ី បានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបង្រ្កាបហ្វូងបាតុករ។ វាមិនច្បាស់នោះទេថា សភាឥណ្ឌូណេស៉ី អាចនឹងបើកសម័យប្រជុំសាជាថ្មី ដើម្បីអនុម័តការធ្វើវិសោធនកម្មម្តងទៀត ឬក៏បានសម្រេចបោះបង់ចោល កិច្ចប្រឹងប្រែងនេះទាំងស្រុងតែម្តង។
គួរបញ្ជាក់ថា គម្រោងធ្វើវិសោធនកម្មច្បាប់បោះឆ្នោតខាងលើ មានគោលដៅប្រែក្រឡាស់ឡើងវិញ នូវសេចក្តីសម្រេចរបស់ តុលាការធម្មនុញ្ញ ដែលត្រូវបានចេញក្នុងសប្តាហ៍នេះ ដោយវានឹងរារាំងអ្នកនយោបាយប្រឆាំងលេចធ្លោមួយរូប មិនឱ្យចូលរួមប្រកួតប្រជែងយកតំណែងដ៏មានឥទ្ធិពល ជាអភិបាលរដ្ឋធានីហ្សាការតា ហើយទន្ទឹមគ្នាត្រួសត្រាយផ្លូវឱ្យ កូនប្រុសពៅរបស់លោក Widodo ឈរឈ្មោះក្នុងការបោះឆ្នោតថ្នាក់តំបន់ នៅខេត្ត Central Java នាខែវិច្ឆិកាខាងមុខ។
ក្រុមបាតុករ បានចោទលោក Widodo ថា ប្រកាន់បក្សពួកនិយម និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ កូនប្រុសច្បងរបស់លោក Widodo ក៏ជាអនុប្រធានាធិបតីឥណ្ឌូណេស៉ីជាប់ឆ្នោត ផងដែរ ដែលនឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ នៅខែតុលាខាងមុខ៕