(បាងកក)៖ នាថ្ងៃសុក្រនេះ ក្រុមសង្រ្គោះកំពុងបន្តប្រតិបត្តិការ នៅក្នុងព្រៃនៃប្រទេសថៃ ដើម្បីរុករកមនុស្សបាត់ខ្លួនសរុបចំនួន ៩នាក់ ក្រោយយន្តហោះខ្នាតតូច១គ្រឿង បានធ្លាក់ក្បែរ ភាគអាគ្នេយ៍រាជធានីបាងកក ប៉ុន្តែអាជ្ញាធរមិនរំពឹងថា អាចមានអ្នករួចរស់ជីវិតឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤។
អាជ្ញាធរថៃបានប្រាប់ថា យន្តហោះខាងលើ ប្រភេទ Cessna 208B Grand-Caravan បានធ្លាក់នៅតំបន់ព្រៃនៃខេត្ត Chacheongsao កាលពីរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយមនុស្សទាំងប៉ុន្មាន ដែលធ្វើដំណើរលើនោះ ត្រូវបានសន្និដ្ឋានថា បាត់បង់ជីវិតទាំងអស់។ មនុស្សទាំង៩នាក់នោះ រួមមានអាកាសយានិក២នាក់ និងអ្នកដំណើរ៧នាក់ ហើយយន្តហោះបានធ្លាក់ ក្រោយពេលចេញដំណើរ ពីអាកាសយានដ្ឋាន Suvarnabhumi នៃទីក្រុងបាងកក នៅតាមផ្លូវឆ្ពោះទៅកាន់ខេត្ត Trat ដែលមានឆ្នេរខ្សាច់ស្អាតៗ នៅជាប់ឈូងសមុទ្រថៃ។
គួរបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សញ្ជាតិរបស់មនុស្សទាំង៩នាក់ខាងលើ រួមមានថៃ៤នាក់ និងចិន៥នាក់ ក្នុងនោះមានក្មេងៗ២នាក់ អាយុ១២និង១៣ឆ្នាំ។ កងទ័ពនិងអ្នកស្ម័គ្រចិត្តសរុបជាង៣០០នាក់ បានចូលរួមប្រតិបត្តិការរុករក ហើយអាជ្ញាធរថៃ បានបើកការស៉ើបអង្កេត ដើម្បីកំណត់មូលហេតុនៃការធ្លាក់យន្តហោះនេះ។ បំណែកមួយចំនួន នៃសាកសពនិងយន្តហោះ ត្រូវបានរកឃើញ៕