(ប៉េកាំង)៖ ប្រទេសចិន និងបេឡារុស បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាពាណិជ្ជកម្ម សន្តិសុខ ថាមពល និងហិរញ្ញវត្ថុ ក្រោយជំនូបរវាងនាយករដ្ឋមន្រ្តីចិន លោក Li Qiang ជាមួយនាយករដ្ឋមន្រ្តីបេឡារុស លោក Roman Golovchenko នៅក្នុងទីក្រុងមីនស្កិ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ ២០២៤។
តាមសេចក្តីប្រកាសរួមរបស់ប្រទេសទាំងពីរ នៅថ្ងៃសុក្រនេះ ចិន-បេឡារុស ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការលើខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្ម ហើយបន្តការសម្របសម្រួលពាណិជ្ជកម្មដើម្បីកាត់បន្ថយថ្លៃចំណាយ។ ក្រសួងការបរទេសបេឡារុស បានឱ្យដឹងថា ទីក្រុងមីនស្កិ៍ មានចេតនាធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅ ជាមួយខេត្ត Guangdong ទីក្រុងហុងកុង និងម៉ាកាវ ដែលចិនបាននិងកំពុងប្រែក្លាយឱ្យទៅតំបន់ពាណិជ្ជកម្មដ៏វែងអន្លាយ គ្រប់ដណ្តប់លើទីក្រុងទំនើបៗមួយចំនួន រួមទាំង Guangzhou Shenzhen និង Zhuhai ផងដែរ។ កាសែត China Daily បានរាយការណ៍ថា បេឡារុស ជាប្រទេសមួយក្នុងក្រុមដំបូងដែលទទួលយកគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ហើយលោក Li បាននិយាយអំឡុងទស្សនកិច្ចក្នុងទីក្រុងមីនស្កិ៍ ថាទំនាក់ទំនងចិន-បេឡារុស នៅតែរស់រវើកក្នុងរយៈពេល ៣២ឆ្នាំកន្លងមកនេះ ទោះបីជាមានការផ្លាស់ប្តូរទិដ្ឋភាពអន្តរជាតិក្តី។
គួរបញ្ជាក់ថា ចិន ជាដៃគូពាណិជ្ជកម្មដ៏ធំទី ២របស់បេឡារុស ហើយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួននៅអាស៉ី ជាមួយនិងទំហំពាណិជ្ជកម្មទ្វេភាគី លើសពី ៨.៤ពាន់លានដុល្លារ កាលពីឆ្នាំ ២០២៣៕